(ម៉ាឌ្រីដ)៖ កីឡាករបាល់ទាត់នៃក្លិប Valencia បាននាំគ្នាដើរចេញពីទីលានប្រកួតនៅអំឡុងប្រកួតទល់នឹងម្ចាស់ផ្ទះ Cadiz ក្រោយទទួលរងនូវការរើសអើងពូជសាសន៍ជាខ្លាំង។

ខ្សែប្រយុទ្ធ Mouctar Diakhaby របស់ Valencia មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយទទួលរងនូវការរើសអើងពូជសាសន៍ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Juan Cala របស់ក្លិប Cadiz កាលក្នុងវគ្គទី១ ដោយមានការប្តឹងផ្តល់ដល់អាជ្ញាកណ្តាលផងដែរនៃការប្រកួតក្នុងក្របខណ្ឌ La Liga នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

ក្រោយពីអាជ្ញាកណ្តាលមិនសូវជាអើពើ ក្រុមកីឡាករ Valencia បាននាំគ្នាដើរចេញពីទីលានប្រកួតតែម្តង ជាមួយក្លិបក៏បានចេញសេចក្តីថ្លែងថា កីឡាករ Diakhaby របស់ពួកគេទទួលរងនូវការរើសអើងពូជសាសន៍ដោយអយុត្តិធម៌ និងមិនអាចទទួលយកបាននៅអំឡុងប្រកួត។

តែក្រោយមក បន្ទាប់ពីការសម្រួល និងស្រុះស្រួលគ្នាមក ក្រុមភ្ញៀវខាងលើក៏បានវិលចូលទីលានវិញ និងប្រកួតបន្ត ដែលក្រុមម្ចាស់ផ្ទះ Cadiz បានយកឈ្នះ Valencia ក្នុងលទ្ធផលផ្លូវការ ២-១ ហើយប្រសិនបើមិនព្រមលេងបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី Valencia អាចប្រឈមទៅនឹងការកាត់ពិន្ទុ នេះបើតាម Jose Gaya លើកឡើងបែបនេះ ក្រោយចប់ការប្រកួតពេញម៉ោង៕