(មេនឆេស្ទើ)៖ ខ្សែបម្រើ Mason Greenwood ជាអ្នករកគ្រាប់ជ័យជម្នះ ២-១ ឲ្យក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United ដែលជាគ្រាប់បាល់ទី២ របស់គេនៅលីគអង់គ្លេស Premier League រដូវកាលនេះផងដែរក្នុងជំនួបទល់និងក្រុម Brighto & Hove Albion ប្រកួតជើងទី២ សប្ដាហ៍ទី៣០។

១គ្រាប់ជ័យជម្នះនេះធ្វើបានដោយកីឡាករសញ្ជាតិអង់គ្លេស មានវ័យទើបតែ ១៩ឆ្នាំ Greenwood គឺបានកើតឡើងនៅនាទី៨៣ នៅពេលដែល Danny Welbeck បានស៊ុតគ្រាប់នាំមុខឲ្យ Brighto & Hove Albion តាំងពីនាទី១៣ ក្នុងកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ បន្ទាបពីមិត្តរួមក្រុម Marcus Rashford រកបានគ្រាប់តាមស្មើនៅនាទី៦២។

គិតមកទល់នឹងពេលនេះ Greenwood រកបាន ១២គ្រាប់ក្នុង Premier League ហើយពីការចូលលេងបាន ៥៨ប្រកួតនាពេលកន្លងមក។

លទ្ធផលទទួលបាន ៣ពិន្ទុនេះដែរ បានធ្វើឲ្យ Manchester United បន្តដេញតាមពីក្រោយចំនួន ១៤ពិន្ទុពីតំណែងកំពូលតារាង Manchester City នៅពេលពួកគេនៅសល់ ៨ប្រកួតទៀតបិទការប្រកួតរដូវកាល ២០២០-២០២១ នេះ នៅពេលបិសាចក្រហមនាំមុខក្នុងតំណែង Top-4 ១១ពិន្ទុពីក្រុម Tottenham Hotspur ដែលមាន ៤៩ពិន្ទុ និងនៅសល់តិចជាងនេះ ប្រសិនបើពួកគេប្រកួតចាញ់ West Ham United និង Everton ក្នុងប្រកួតដែលនៅសល់៕