(សេអ៊ូល)៖ ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្សមួយរបស់កូរ៉េខាងត្បូង LG ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តចាកចេញពីទីផ្សារទូរស័ព្ទដៃ បន្ទាប់ពីខាត់បង់ប្រាក់អស់រយៈជាច្រើនឆ្នាំ។ ដោយឡែកនៅថ្ងៃនេះ LG បានប្រកាសជាផ្លូវការហើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន LG បានចេញសេចក្តីប្រកាសជាផ្លូវការថាខ្លួនបានសម្រេចចិត្តចាកចេញពីទីផ្សារទូរស័ព្ទដៃ។

នៅក្នុងសេចក្តីប្រកាសរបស់ LG បានឲ្យដឹងថា ការចាកចេញនេះវាគឺជាឱកាសសម្រាប់ក្រុមហ៊ុនក្នុងការងាកទៅពង្រឹង និងពង្រីកអាជីវកម្មផ្សេងៗវិញដូចជា ការផលិតនូវឧបករណ៍សម្រាប់រថយន្តអគ្គិសនី, ឧបករណ៍សម្រាប់តភ្ជាប់នូវគ្រឿងអេឡិចត្រូនិក, ឧបករណ៍ Smart Home, មនុស្សយន្ត ឬគ្រឿងយន្ត, សញ្ញាសិប្បនិម្មិត (AI) , និងសេវាកម្មដោះស្រាយបញ្ហាទៅលើមុខជំនួញវិញ។

ត្បិតតែក្រុមហ៊ុនបានសម្រេចចិត្តចាកចេញក៏ពិតមែន ប៉ុន្តែសម្រាប់សេវាថែទាំ និងជួសជុលនៅតែបន្តមានសម្រាប់ទីផ្សារ និងតំបន់មួយចំនួនរបស់ដល់ពេលវេលាមួយជាក់ស្ដែងទើបឈប់។

ក្រុមហ៊ុន LG មិនបានបញ្ជាក់ទាក់ទងទៅនឹងបុគ្គលិកដែលកំពុងបម្រើសេវាកម្ម និងការងារលើអាជីវកម្មទូរស័ព្ទចល័តនេះ ថានឹងត្រូវកាត់បន្ថយ ឬប្ដូរទៅកាន់កន្លែងផ្សេងនោះទេ៕