(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ បានរយៈពេល១៥ថ្ងៃ នៅពេលនេះអាការៈរបស់តារាចម្រៀង សួស វីហ្សា បានធូរស្បើយច្រើន ដោយនាងបានបញ្ជាក់ថា រូបនាងជិតបានជាសះស្បើយទាំងស្រុងពីជំងឺដ៏កាចសាហាវនេះហើយ ពោលគឺរង់ចាំតែលទ្ធផលធ្វើតេស្តសំណាកម្តងទៀតប៉ុណ្ណោះ ប្រសិនបើ «អវិជ្ជមាន» ម្តងទៀត ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យនាងបានចេញទៅគេហដ្ឋានវិញ។

តារាចម្រៀង សួស វីហ្សា បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ថា ស្ថានភាពរបស់នាងនៅពេលនេះ គឺមានអាការៈធូរស្បើយច្រើនហើយ ពោលគឺមានការធូរស្បើយតាំងពីចូលសម្រាកព្យាបាលបានរយៈពេល៩ថ្ងៃ ខណៈរហូតមកទល់នឹងពេលនេះ គឺនាងទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យបានរយៈពេល១៥ថ្ងៃហើយ។

សួស វីហ្សា បានបន្តថា ក្នុងថ្ងៃទី១៥នេះ គឺមានស្ថានភាពធូរស្បើយច្រើន អាចដឹងក្លិន ឃ្លានម្ហូប ប្រៀបបាននឹងមនុស្សជាតែម្តង បើនិយាយទៅ នាងរង់ចាំតែលទ្ធផលសំណាកម្តងទៀតទេ បើបង្ហាញថាអវិជ្ជមាន ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យនាងចេញពីកន្លែងព្យាបាល ត្រឡប់ទៅគេហដ្ឋានវិញហើយ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះបានបន្ថែមថា ចាប់តាំងពីឈានជើងចូលកន្លែងព្យាបាល គឺនាងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យ។ ជាពិសស នាងបានផ្តាំផ្ញើដល់បងប្អូនខ្មែរ និងអ្នកគាំទ្រថា ប្រសិនបើមានអាការៈមិនស្រួលដូចជាក្តៅខ្លួន ក្អក ផ្តាសសាយជាដើមនោះ ឬអាការៈសង្ស័យនានា សូមទៅពិនិត្យសំណាកឲ្យបានឆាប់រហ័ស។

គួរជម្រាបថា តារាចម្រៀង សួស វីហ្សា បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ និងត្រូវបានបញ្ចូនទៅព្យាបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ពោលនាង បានទៅពិនិត្យសំណាក ដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង។ បច្ចុប្បន្នតារារូបនេះ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់សំណាក់ក្រុមគ្រូពេទ្យនៅសណ្ឋាគារ Great Duke៕