(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការចាកចេញទាំងតក់ក្រហល់របស់ខ្សែបម្រើខ្មែរ-បារាំង វ៉ា សុខថន ប៉ុន្ដែលោកមានតែបង្ខំចិត្តឲ្យគេចាកចេញ ទាំងដឹងក្រុមខ្លួនត្រូវជួបបញ្ហាប៉ុណ្ណោះ ព្រោះកីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានបញ្ហាផ្ទាល់ខ្លួនខ្លាំង ដែលចាំបាច់ត្រូវតែចាកចេញ ដើម្បីជម្រើសរើសល្អរៀងខ្លួននាថ្ងៃក្រោយ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះបានបញ្ជាក់ថា «ទាក់ទង វ៉ា សុខថន គាត់ចេញទៅភ្លាមៗនេះ ដោយសារគាត់មានបញ្ហាផ្ទាល់ខ្លួន បញ្ហាផ្ទាល់ខ្លាំងចាំបាច់មែនទែន ចឹងហើយបានខ្ញុំអនុញ្ញាតឲ្យគាត់ទៅ ហើយក្លិបក៏អនុញ្ញាតដែរ។ មួយទៀត ការចាកចេញរបស់គាត់ អាចប៉ះពាល់ដល់ក្លិបដែរ ដោយសារគាត់ជាកីឡាករម្នាក់ ដែលយើងអាចរាប់ជាកីឡាករជម្រើស ១១នាក់ដំបូង ចឹងគាត់ជាកីឡាករសំខាន់មួយដែរ»

លោកបន្ដថា «អ្វីៗមានតែការសោកស្ដាយ ក៏ប៉ុន្ដែទោះបីជាយើងឲ្យគាត់នៅទីនេះ ក៏យើងគិតថា ទុកគាត់បានត្រឹមតែរាងកាយ តែចិត្តគាត់អត់អាចនៅបាន ដោយសារគាត់បញ្ហាផ្ទាល់ខ្លួនសំខាន់មែនទែន។ ចឹងដើម្បីសុខរៀងខ្លួន សប្បាយរៀងខ្លួន ហើយមានឱកាសលើកក្រោយគាត់អាចមកវិញ គឺយើងនឹងយកគាត់ទៀត ចឹងហើយបានយើងអនុញ្ញាតឲ្យគាត់ទៅ ទោះបីជាយើងមានបញ្ហាយ៉ាងម៉េចក៏ដោយ ក៏យើងអនុញ្ញាតដែរ»។

គួរដឹងថា កីឡាករកូនខ្មែរកើតនៅបារាំង វ៉ា សុខថន ត្រូវបានក្លិបណាហ្គាវើលដ៏ ប្រកាសចាកចេញកាលពីល្ងាចថ្ងៃទី០២ ខែមេសា ដោយរូបគេបានត្រឡប់ទៅបារាំងភ្លាមៗ ក្រោមហេតុផលផ្ទាល់ខ្លួន ខណៈទើបជួយក្រុមបាន ២ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២១ ពោលគឺប្រកួតទី១ បានជួយក្រុមយកឈ្នះក្រុមការពារតំណែងជើងឯកបឹងកេត ១-០ និងប្រកួតទី២ ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-១៕