(អេហ្ស៉ីប)៖ កាលពីដើមឡើយ ដើម្បីធ្វើដំណើរតាមផ្លូវសមុទ្រពីពិភពអឺរ៉ុបទៅមកពិភពអាស៊ី មនុស្សត្រូវបរសំពៅវាងទ្វីបអាហ្វ្រិកស្ទើរតែទាំងមូល ទម្រាំបានទៅដល់មហាសមុទ្រឥណ្ឌា និងដែនដីអាស៊ី គេត្រូវចំណាយរយៈពេលយ៉ាងយូរ ហើយក៏មានហានិភ័យខ្ពស់ដែរ។ ក្រោយមក គេក៏បានជីកព្រែកសិប្បនិម្មិតមួយឡើងនៅត្រង់ប្រទេសអេហ្ស៉ីបបច្ចុប្បន្ន ដើម្បីតភ្ជាប់រវាងសមុទ្រមេឌីទែរ៉ាណេ (Mediterranean) និងសមុទ្រក្រហម (Red Sea)។ ព្រែកជីកនោះ គឺមានឈ្មោះថា ព្រែកជីកស៊ុយអេ (Suez Canal) ដែលជាផ្លូវទឹកដ៏មានសារសំខាន់បំផុតមួយ ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនទំនិញពីទ្វីបអឺរ៉ុបទៅកាន់ទ្វីបអាហ្វ្រិក តំបន់មជ្ឈិមបូព៌ា និងបន្តមកដល់ទ្វីបអាស៊ី។

ថ្មីៗនេះ មានកប៉ាល់ដឹកទំនិញខ្នាតយក្សមួយគ្រឿងបានគឿងជាប់គាំងនៅព្រែកជីកស៊ុយអេនេះ ដោយកប៉ាល់នោះមានឈ្មោះថា Ever Given មានបណ្តោយ ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ ជាមួយនឹងទម្ងន់ដល់ទៅ ២០០,០០០ តោនឯណោះ។ ការជាប់គាំងរបស់កប៉ាល់ខាងលើ បានធ្វើឱ្យរាំងស្ទះដល់ការចរាចរណ៍របស់កប៉ាល់ដឹកទំនិញដទៃទៀត ប៉ុន្តែមកដល់ពេលនេះ គេបានរំដោះកប៉ាល់ Ever Given នោះចេញវិញបានហើយ។ ទោះជាយ៉ាងណា នេះជារឿងមួយដែលកើតឡើងក្នុងពេលបច្ចុប្បន្ន ស្របពេលដែលព្រែកជីកស៊ុយអេមានអាយុកាលជាង ១៦០ ឆ្នាំមកហើយ បើគិតចាប់ពីពេលចាប់ផ្ដើមជីកដំបូង។

* ប្រវត្តិព្រែកជីកស៊ុយអេ

នៅមុនឆ្នាំ១៨៥៩ សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ត្រូវបានខណ្ឌដោយរបាំងដីទ្វីបខ្លីមួយលើដែនសីមាប្រទេសអេហ្ស៉ីប។ រាល់ទំនិញជួញដូរដែលចង់ដឹកជញ្ជូនទៅមកសមុទ្រទាំងពីរនេះ ចាំបាច់ត្រូវដឹកជញ្ជូនផ្ទេរតាមផ្លូវគោក ប៉ុន្តែការផ្ទេរទំនិញតាមផ្លូវគោកនេះ ចេះតែរងការឆក់ប្លន់ពីសំណាក់ក្រុមចោរ ដែលតែងតែប្លន់ទំនិញ និងទ្រព្យសម្បត្តិពីពួកឈ្មួញនាយទុនទាំងនោះ។

ដោយចេះតែមានបញ្ហាជាហូរហែយ៉ាងដូច្នេះ ដំណោះស្រាយមួយត្រូវបានចាប់អនុវត្តឡើងក្នុងសម័យអាណានិគមអឺរ៉ុប ដោយនៅក្នុងឆ្នាំ១៨៥៤ កុងស៊ុលបារាំងប្រចាំទីក្រុងគែរ (Cairo) នៃប្រទេសអេហ្ស៉ីប គឺលោក ហ្វែរឌីណង់ ឌឺ ឡេស្សិព្ស (Ferdinand de Lesseps) ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជ ណាប៉ូឡេអ៊ុងទី៣ (Napoleon III) បានចុះកិច្ចព្រមព្រៀងជាមួយរាជការចក្រភពអូតូម៉ង់ (Ottoman) ដើម្បីជីកព្រែកដំបូងមួយទម្លុះដីទ្វីបតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម។ ហេតុអ្វីបានជាជីកព្រែកនៅលើដីអេហ្ស៉ីប តែទៅចុះកិច្ចព្រមព្រៀងជាមួយចក្រភពអូតូម៉ង់វិញយ៉ាងដូច្នេះ? នេះក៏ព្រោះតែខណៈពេលនោះ ចក្រភពអូតូម៉ង់របស់ជនជាតិតួកកំពុងគ្រប់គ្រងអាណាចក្រអេហ្ស៊ីប។

នៅឆ្នាំ១៨៥៩ ការដ្ឋានជីកព្រែកថ្មីនេះបានចាប់ផ្តើមជាបណ្តើរៗ ប៉ុន្តែអ្វីដែលគួរឱ្យអាណោចអាធមនោះ កម្មករជាច្រើនម៉ឺននាក់ត្រូវបង្ខំឱ្យធ្វើការជាទម្ងន់ ដោយប្រើតែចប បង្គី និងដៃសុទ្ធសាធ (ហត្ថពលកម្ម)។ លុះក្រោយមក រាជការបារាំងក៏បានប្រើគ្រឿងចក្រជំនួសវិញ ដើម្បីជួយពន្លឿនដំណើរការជីកព្រែកដ៏សំខាន់នេះ។

រយៈពេលដប់ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៨៦៩ ព្រែកជីកថ្មីដែលមានប្រវែង ១៦៣ គីឡូម៉ែត្រ ក៏បានសម្រេចជាផ្លូវការ ហើយគេក៏បានដាក់ឈ្មោះព្រែកជីកនេះថា ព្រែកជីកស៊ុយអេ។ ជាមួយនឹងទិដ្ឋភាពថ្មីរវាងត្រើយខាងកើត និងខាងលិច ព្រែកជីកស៊ុយអេបានបង្ហាញក្ដីសង្ឃឹមដ៏មហាសាលសម្រាប់ពាណិជ្ជករអឺរ៉ុប ក្រោមគំនរសាកសពមនុស្សជាច្រើននាក់ ដែលបានពលីជីវិតក្នុងពេលជីកព្រែកនោះ។ គម្រោងជីកព្រែកជីកស៊ុយអេនេះបានធ្វើឱ្យកម្មករប្រមាណ ១២០,០០០ នាក់ ត្រូវស្លាប់ក្នុងចំណោមកម្មករសរុប ១,៥០០,០០០ នាក់។

ក្នុងឆ្នាំ១៨៧៥ ចក្រភពអង់គ្លេសបានទិញភាគហ៊ុនក្នុងការគ្រប់គ្រងព្រែកជីកមួយនេះ ដោយសារវាជាដង្ហើមយ៉ាងសំខាន់នៃនាវាចរណ៍អង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ អង់គ្លេសក៏បានសន្យាជួយទាមទារឯករាជ្យអេហ្ស៉ីបពីចក្រភពអូតូម៉ង់ (តួកគីបច្ចុប្បន្ន) ប៉ុន្តែជាថ្នូរត្រលប់មកវិញ គឺអេហ្ស៊ីបត្រូវប្រគល់ការគ្រប់គ្រងព្រែកជីកស៊ុយអេមកឱ្យរាជការអង់គ្លេស។

ចំណេរកាលក្រោយមក ពោលគឺនៅក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ សាធារណរដ្ឋអេហ្ស៊ីប ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ហ្គាម៉ាល អ័បឌែលណាស្សឺ (Gamal Abdel Nasser) បង្ហាញការមិនពេញចិត្ត និងចង់ទាមទារសិទ្ធិគ្រប់គ្រងព្រែកជីកនេះមកអេហ្សីបវិញ ប៉ុន្តែវាមិនងាយស្រួលនោះទេ។ សង្គ្រាមរង្គជល់ជាច្រើនលើកបានកើតឡើងរវាងកងទ័ពអេហ្ស៊ីប ជាមួយកងទ័ពសម្ពន្ធមិត្តអង់គ្លេស-បារាំង-អ៉ីស្រាអែល ហើយបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។ ដោយសារបញ្ហានេះហើយ ទើបធ្វើឱ្យព្រែកជីកស៊ុយអេត្រូវបានផ្អាកសកម្មភាពនាវាចរណ៍ឆ្លងកាត់អស់ជាច្រើនឆ្នាំដែរ។

លុះមកដល់ឆ្នាំ១៩៧៥ សាធារណរដ្ឋអេហ្ស៊ីប ដែលកាលណោះស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី អ័នវ៉ា អ៉ីលសាដាត (Anwar el-Sadat) បានចរចាជាមួយអង់គ្លេស បារាំង និងអ៉ីស្រាអែល ដើម្បីរកដំណោះស្រាយជុំវិញវិបត្តិសង្គ្រាមនៅតំបន់ព្រែកជីកស៊ុយអេនេះ ខណៈកងទ័ពពួកគេកំពុងភ្ជង់កាំភ្លើងដាក់គ្នានៅឡើយ។ បញ្ហានេះក៏បន្តទៅដល់អង្គការសហប្រជាជាតិថែមទៀត អង្គការសហប្រជាជាតិក៏បានសំណូមពរឲ្យអង់គ្លេស និងបារាំងដកទ័ពរបស់ខ្លួនពីតំបន់ព្រែកជីកស៊ុយអេ។ ក្រោយពេលនោះមក វិបត្តិសង្គ្រាមក៏ត្រូវបានដោះស្រាយ ហើយព្រែកជីកក៏ត្រូវបានបើកដំណើរការឡើងវិញ។

នាសម័យបច្ចុប្បន្ន មាននាវាដឹកទំនិញធំៗជាមធ្យម ៥០ គ្រឿង ដែលបានឆ្លងកាត់ព្រែកជីកស៊ុយអេជារៀងរាល់ថ្ងៃ ដោយសរុបជាទម្ងន់មានប្រមាណជាង ៣០០,០០០,០០០ តោនក្នុងមួយឆ្នាំ៕