(សៀងហៃ)៖ លោក Li Tie គ្រូបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិចិនបានលើកឡើងថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះទម្រង់លេងរបស់កីឡាករ ដែលអាចនឹងលេងមិនបានល្អ តាមតម្រូវការបច្ចេកទេស នៅក្នុងតំបន់មួយចំនួន នៅក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលនឹងមកដល់នាពេលឆាប់ៗនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា។

ក្រុមជម្រើសជាតិចិន បានបញ្ចប់បោះជំរំហ្វឹកហាត់ទី៦ របស់ពួកគេ ស្ថិតក្រោមការដឹកនាំរបស់លោក Li នាថ្ងៃសៅរ៍សប្តាហ៍មុន នៅទីក្រុងសៀងហៃ ហើយពួកគេនឹងជួបជុំគ្នាម្តងទៀតនៅថ្ងៃទី២០ ខែឧសភា នៅទីក្រុង Suzhou ដើម្បីត្រៀមសម្រាប់វគ្គជម្រុះ World Cup 2022 ពីក្នុងពូល A ដែលនៅសេសសល់ ខណៈចិននឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ។

«នៅអំឡុងពេលជម្រុះ World Cup ការលេងរបស់កីឡាករខ្ញុំនៅតំបន់មួយចំនួន អាចមិនបំពេញតាមតម្រូវការបច្ចេកទេសនោះទេ ដោយសារពួកគេត្រូវប្រកួតព្រមៗគ្នាក្នុងរយៈពេលខ្លី» នេះបើតាមការលើកឡើងបន្ថែមរបស់លោក Li។

លោក Li Tie មិនបានបង្ហាញលម្អិតពីអ្វីដែលលោកព្រួយបារម្ភនោះទេ។ ប៉ុន្តែលោកបានបង្ហាញការរីករាយ ដោយឃើញពីការផ្លាស់ប្តូរអាកប្បកិរិយារបស់កីឡាករលោក។ លោកថា «ខ្ញុំជឿជាក់ថា ពួកគេឥឡូវនេះ មានការស្រែកឃ្លានជ័យជម្នះច្រើនជាងពីមុន»

ចិន នឹងជួបជាមួយក្រុមជម្រើសជាតិហ្គាំ ហ្វីលីពីន ម៉ាល់ឌីវ និងស៊ីរីជាបន្តបន្ទាប់ នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ពូល A ក្នុងការស្វែងកៅអីទៅលេងជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតាឆ្នាំក្រោយ៕