(ប៉ារីស)៖ ខ្សែការពាររបស់ក្លិបបាល់ទាត់ Paris St Germain កីឡាករ Alessandro Florenzi ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19 ហើយនឹងអវត្តមានពីការប្រកួតជើងទី១ UEFA Champions League នៅពេលក្រុមរបស់គេ Paris Saint-Germain ត្រូវតតាំងនឹងម្ចាស់ផ្ទះ Bayern Munich នៅរាត្រីថ្ងៃពុធស្អែកនេះ។ នេះបើតាមការប្រកាសរបស់ក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

ដូចគ្នានោះដែរ មិត្តរួមក្រុមរបស់ Florenzi មកពីអ៉ីតាលីដូចគ្នា គឺកីឡាករ Marco Verratti ក៏នឹងខកខានការប្រកួតនៅថ្ងៃពុធ ធ្វើនៅទីក្រុង Munich របស់អាល្លឺម៉ង់ផងដែរ បន្ទាប់ពីរកឃើញវិជ្ជមាននៅថ្ងៃសុក្រសប្តាហ៍មុន។

នៅប្រទេសបារាំង អ្នកដែលគេរកឃើញថា វិជ្ជមាននៃជំងឺ COVID-19 ត្រូវរស់នៅដាច់ដោយឡែកពីគេ រយៈពេល ១០ថ្ងៃ។

ក្លិបជើងឯកបារាំង PSG បានបង្ហោះលើ Twitter របស់ខ្លួនថា កីឡាករ Florenzi បាននឹងកំពុងរស់នៅដាច់ដោយឡែកពីគេអស់រយៈពេលប៉ុន្មានថ្ងៃហើយ ដែលជាការប្រុងប្រយ័ត្ន ហើយនឹងបន្តធ្វើដូច្នេះតាមពិធីសាររបស់ក្រសួងសុខាភិបាលទៀតដែរ៕