(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងកីឡាប្រទេសបារាំង Roxana Maracineanu បានលើកឡើងថា ព្រឹត្តិការណ៍វាយកូនបាល់ French Open ឆ្នាំនេះអាចនឹងត្រូវពន្យារពេលដូចឆ្នាំទៅ ដោយសារតែវិបត្តិ COVID-19 កាន់តែមានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

យុទ្ធនាការ Tennis នេះត្រូវបានពន្យារពេលម្តងហើយកាលពីឆ្នាំមុនដែលមានរយៈពេលដល់ទៅ ៤ខែ ដោយសារតែការរីករាលដាលពីមេរោគ COVID-19។ លោកស្រី Maracineanu បានប្រាប់សារព័ត៌មាន កាលពីចុងសប្តាហ៍ថា ការពន្យារពេលអាចនឹងកើតឡើងម្តងទៀតនៅឆ្នាំនេះ។

«យើងកំពុងធ្វើការពិភាក្សាជាមួយនឹងពួកគេ (សហព័ន្ធកីឡាវាយកូនបាល់បារាំង ដែលជាអ្នករៀបចំកម្មវិធី) ដើម្បីពិនិត្យមើលថាតើ យើងគួរផ្លាស់ប្តូរកាលបរិច្ឆេទដែលកើតឡើង ស្របជាមួយគ្នា នឹងការអាចបន្តចាប់ផ្តើមឡើងវិញនៃព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត» នេះបើតាមការលើកឡើងពីរដ្ឋមន្ត្រីដដែលខាងលើ។

គួរជម្រាបថា ព្រឹត្តិការណ៍ដែលមានជារៀងរាល់ឆ្នាំ French Open គ្រោងនឹងធ្វើឡើងនៅទីលានដីឥដ្ឋ Roland Garros ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនាខាងមុខ ជាមួយនឹងការប្រកួតវគ្គជម្រុះ នឹងចាប់ផ្តើម ១សប្តាហ៍មុន។

ប្រទេសបារាំង បាននឹងកំពុងទទួលរងនូវការរាតត្បាតពីរលកទី៣ នៃមេរោគ COVID-19 ហើយប្រទេសត្រូវបានបិទ ដែលយ៉ាងហោចណាស់នឹងមានរយៈពេល ១ខែរាប់ចាប់ពីចុងសប្តាហ៍មុន៕