(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេត នឹងបើកទ្វារផ្ទះទទួលអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន នាម៉ោង ៣៖៣០នាទីរសៀលថ្ងៃអង្គារនេះនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលអ្នកគាំទ្រហៅជំនួបនេះថា ការប្រកួត The Cambodia Classic Match ប្រចាំនៅកម្ពុជា។

ជុំវិញការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹកក្រុមទាំងពីរបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងយក ៣ពិន្ទុជូនក្លិប និងអ្នកគាំទ្ររបស់ខ្លួន ពិសេសក្រុមនាគខៀវបឹងកេតដែលត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីរក្សាឱកាសការពារតំណែងជើងឯក បន្ទាប់ពីពួកគេបានរបូត ៣ពិន្ទុ ក្រោយចាញ់ក្រុមភ្ញៀវណាហ្គាវើលដ៏ ១-០ ក្នុងការប្រកួតបើករដូវកាលថ្មីកាលពីដើមខែមីនាកន្លងទៅ ខណៈក្រោន កំពុងស្រេកឃ្លានជ័យជម្នះដូចគ្នា។

លោក គឹម ភក្ដី គ្រូបង្វឹកបឹងកេតបានបញ្ជាក់ថា «ពួកយើងនឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួនលើទីលាន ដើម្បីធ្វើការកែប្រែក្នុងស្ថានភាពប្រកួតលើកទី១ និងដើម្បីបំពេញឲ្យបានល្អក្នុងការប្រកួតទី២ ជាមួយក្រុមភ្នំពេញក្រោន...។ ការប្រកួតនីមួយៗ យើងតែងតែសង្ឃឹមជ័យជម្នះ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ បើនិយាយពីភាគរយ យើងមិនអាចកំណត់បានទេ ប៉ុន្ដែយើងជឿជាក់លើការប្រកួតនេះ គឺយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយនឹងមានលទ្ធផលវិជ្ជមាន»

ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមសិង្ហក្រហមភ្នំពេញក្រោន បានបញ្ជាក់ថា «វាគឺជាការប្រកួតដ៏ធំមួយ។ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នា ដើម្បីបានលេងក្នុងការប្រកួតនេះ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL (លីគកំពូលកម្ពុជា) ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា»។

សូមរំឮកថា កាលពីរដូវកាលមុនក្រុមទាំងពីរ ក៏បានចាប់ផ្ដើមជួបគ្នាជើងទី១ លើកទឹកដីកីឡដ្ឋានខេមបូឌាអ៊ែរវ៉េនេះដែរ ដោយលទ្ធផលបឹងកេត បានយកឈ្នះភ្នំពេញក្រោន ៣-១ មុនប្រកួតស្មើគ្នា ១-១ ក្នុងជើងទី២ នៅកីឡដ្ឋាន RSN វិញ។ ប៉ុន្ដែរដូវកាលថ្មីនេះ គេឃើញក្រុមទាំងពីរ មានការរៀបចំក្រុមបានល្អរៀងៗខ្លួន ពិសេសភ្នំពេញក្រោនដែលកំពុងឡើងជើង ហើយធ្វើបានយ៉ាងល្អកាលពី ២ប្រកួតកន្លងទៅ ដោយរកបាន ៦ពិន្ទុពេញ។ ដូច្នេះចាំមើលបឹងកេត ឬភ្នំពេញក្រោន នឹងទទួលបាន ៣ពិន្ទុក្នុងជំនួបដ៏ធំនេះ?