(ភ្នំពេញ)៖ និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ឈ្មោះ ស៊ុន លីគាត បានជាប់ជ័យលាភីជើងឯកតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតសរសេរសំណេរជាអន្ដរជាតិ ក្រោមប្រធានបទ “យុវជនដើម្បីហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ” ដែលមានការចូលរួមប្រកួតពីបណ្ដានិស្សិតមកពីជាង ៣៤ប្រទេស ទាំងក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី។
ក្នុងអត្ថបទសំណេរប្រកួតនេះ លីគាត បានលើកឡើងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដូចជា ដ្រូន ការផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិច និងរ៉ាដាជាដើម ដើម្បីផ្ដល់ដំណឹងអំពីគ្រោះមហន្ដរាយផ្សេងៗ ទៅកាន់ប្រជាជនដែលរស់នៅតាមតំបន់ងាយរងគ្រោះ ជាពិសេសនៅតាមតំបន់ទន្លេមេគង្គ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនេះ នឹងជួយឱ្យពួកគេត្រៀមខ្លួនជាស្រេចចំពោះគ្រោះមហន្ដរាយនានាដែលមិនអាចដឹងមុន។
លើសពីនេះ លីគាត ក៏បានបង្ហើបពីគន្លឹះធំៗក្នុងការសរសេរអត្ថបទដើម្បីឱ្យមានភាពទាក់ទាញផងដែរថា៖ «ក្នុងការសរសេរ យើងត្រូវសិក្សាស្រាវជ្រាវរកទិន្នន័យពីប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន ហើយយកមកកែសម្រួលបន្ថែមដោយប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ ព្រមទាំងពិនិត្យក្បួនវេយ្យាករណ៍ក្នុងការសរសេរផងដែរ។ យើងត្រូវមានភាពអត់ធ្មត់ និងជំនះរាល់ឧបសគ្គរហូតទទួលបានជោគជ័យ»។
ការប្រកួតសំណេរជាអន្ដរជាតិនេះ ត្រូវបានរៀបចំឡើងដោយសន្និសីទអន្ដរជាតិស្ដីពីហេដ្ឋារចនាសម្ព័ន្ធធន់នឹងគ្រោះមហន្ដរាយ (International Conference on Disaster Resilient Infrastructure) ដែលត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជារៀងរាល់ឆ្នាំ ព្រមទាំងមានការចូលរួមដោយនាយករដ្ឋមន្ដ្រីនៃប្រទេសឥណ្ឌា ចក្រភពអង់គ្លេស អ៊ីតាលី និងហ្វីជីផងដែរ។
AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេតែមួយគត់នៅកម្ពុជា ដែលផ្ដល់ជូននៅកម្មវិធីសញ្ញាបត្រ២ (Dual Degree Program) ស្របតាមស្ដង់ដាបែបអាមេរិកាំងដែលត្រូវបានទទួលស្គាល់ជាសាកល និងមានគុណភាពអប់រំខ្ពស់ ព្រមទាំងផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។