(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសហើយថា ខ្លួននឹងចាប់ផ្តើមអាជីវកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ២០២៤ ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងថា Apple នឹងផលិតរថយន្តដោយខ្លួនឯង ឬគ្រាន់តែផលិតនូវបច្ចេកវិទ្យារថយន្ត?
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញឲ្យដឹងព័ត៌មានខ្លះៗតាមរយ:កិច្ចសម្ភាសន៍មួយ។
លោក Cook បាននិយាយថា ការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ គឺជាស្នូលនៃបច្ចេកវិទ្យា ហើយបើអ្នកក្រឡេកទៅក្រោយ និងមើលរថយន្តបើកបរដោយស្វ័យប្រវត្តិនោះអ្នកនឹងដឹងថា វាគ្រាន់តែជា រ៉ូប៉ូត (Robot) មួយប៉ុណ្ណោះ ដូច្នេះមានន័យថា រថយន្តបើកបរដោយស្វ័យប្រវត្តិគឺជា រ៉ូប៉ូត។
នៅពេលដែលពិធីការិនីសួរសំណួរ តើក្រុមហ៊ុន Apple ផលិតរថយន្តដោយខ្លួនឯង ឬផលិតបច្ចេកវិទ្យារថយន្ត? លោក Cook បានឆ្លើយថា «យើង (Apple) ចូលចិត្តធ្វើសមាហរណកម្មបច្ចេកវិទ្យា មិនថា Hardware, Software និងសេវាកម្ម។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យា គឺជាការបង្កើតវេទមន្តមួយដ៏អស្ចារ ដូច្នេះហើយយើងចូលចិត្តធ្វើរឿងដែលអស្ចារ្យ និងវេទមន្ត»។
បើតាមការបញ្ជាក់នេះយើងអាចដឹងបានថា ក្រុមហ៊ុន Apple អាចនឹងបង្កើតនូវបច្ចេកវិទ្យាអស្ចារ្យសម្រាប់ប្រើក្នុងរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែ Apple ជាក្រុមហ៊ុនមួយដែលមានអាថ៌កំបាំងខ្លាំងបំផុតទៅការបង្កើតបច្ចេកវិទ្យា ឬផលិតផលអ្វីមួយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចាប់អារម្មណ៍លើអាជីវកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនេះជាយូរមកហើយ និងថែទាំងបានទិញក្រុមហ៊ុន Start up មួយ Drive.ai កាលពីឆ្នាំ២០១៩ ៕