(បាសេឡូណា)៖ លោក Ronald Koeman អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យបានលើកឡើងថា ជំនួបរវាង FC Barcelona ទល់នឹងម្ចាស់ផ្ទះ Real Madrid ដែលជាជំនួប El Clasico នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះពិតជាមានសារៈសំខាន់ជាងរាល់ដង។
Barcelona នឹងធ្វើដំណើរទៅរដ្ឋធានី Madrid ដើម្បីជួបប្រកួតទល់នឹងម្ចាស់ផ្ទះអធិរាជស Real Madrid ដែលត្រូវបានគេឲ្យឈ្មោះថា El Clasico ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅពេល Real យកឈ្នះក្នុងលទ្ធផល ៣-១ កាលពីជើងទី១ នៅទឹកដី Camp Nou ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ។
លោក Koeman បានថ្លែងថា «ខ្ញុំគិតថា ជំនួប Clasico គឺតែងតែសំខាន់ តែម្តងនេះវារឹតតែពិសេសជារាល់ដងទៀត ដើម្បីស្វែងរកពិន្ទុក្នុងការប្រជែងតំណែងកំពូលតារាងជាមួយ Atletico Madrid ថែមទៀត។ លទ្ធផលសំខាន់ខ្លាំងណាស់ ដើម្បីបញ្ជាក់ថា ក្រុមណាមានសមត្ថភាពលើកពានរដូវកាលនេះ»។
ការយកឈ្នះក្រុមភ្ញៀវ Real Valladolid ១-០ ចុងម៉ោងនៅរាត្រីថ្ងៃចន្ទ បានធ្វើឲ្យក្រុមរបស់លោក Ronald Koeman បន្ថយគំលាតពី Atletico Madrid មកនៅត្រឹម ១ពិន្ទុប៉ុណ្ណោះ នៅពេលដែល Atletico បានរបូត ៣ពិន្ទុនៅក្នុងផ្ទះ Sevilla ក្រោយលទ្ធផល ១-០ កាលពីរាត្រីថ្ងៃអាទិត្យ ដែលធ្វើឲ្យការប្រជែងតំណែងជើងឯក La Liga រដូវកាលនេះស្វិតស្វាញខ្លាំងឡើង។
«ទម្រង់លេងរបស់ Barcelona នាពេលនេះគឺល្អ ដែលអាចសង្ឃឹមឈ្នះបាន ដ្បិតការប្រកួតដែលនៅសល់ សុទ្ធតែលំបាកក៏ដោយ» អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ខាងលើបន្ថែម៕