(ភ្នំពេញ)៖ ចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រ និងមហាជនទូទៅកោតសរសើរគ្រប់ៗគ្នា ខណៈជានិច្ចកាលគឺតែងតែបង្ហាញពីភាពផ្អែមល្ហែម ប្រៀបបាននឹងគូស្នេហ៍យុវវ័យ ត្បិតមានបុត្រា៣នាក់ហើយក្តី តែគូស្វាមីភរិយា តារាចម្រៀង ព្រាប សុវត្ថិ នៅតែមានសុភមង្គល ទោះកន្លងទៅរយៈពេល២៤ឆ្នាំហើយក្តី។

ជាការពិតណាស់ គិតត្រឹមឆ្នាំ២០២១នេះ គឺមានរយៈពេល២៤ឆ្នាំហើយ ដែលកំពូលតារាចម្រៀងជួរមុខ លំដាប់ប្រទេសលោក ព្រាប សុវត្ថិ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយភរិយា គឺលោកស្រី ឡុង ស្រីមុំ ដោយបានកូនប្រុសចំនួន៣នាក់ ជាចំណងដៃធំ។ រយៈពេល២៤ឆ្នាំ ត្រូវបានអ្នកគាំទ្រលោក ព្រាប សុវត្ថិ មើលឃើញថា គឺពិតជាដើរលឿនមែនទែន ត្បិតលោកនិងភរិយា នៅតែមានសម្រស់ក្មេងជាងវ័យ ហើយបើនិយាយពីសុភមង្គលក្នុងគ្រួសារវិញ ត្រូវបានមនុស្សមិនតិចនាក់នោះទេទុកជាគំរូ ព្រោះក្នុងនាមជាតារាល្បីក្តី តែលោក ព្រាប សុវត្ថិ មិនធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនិងចំណងអាពាហ៍ពិពាហ៍ម្តងណាឡើយ។

ជាក់ស្តែង ថ្មីៗនេះ លោក ព្រាប សុវត្ថិ បានបង្ហាញរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក ភ្ជាប់ជាមួយសារផ្អែមល្ហែមយ៉ាងដូច្នេះថា «នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់២៤ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់»។ ការបង្ហោះសារមួយឃ្លារនេះ ត្រូវបានអ្នកគាំទ្ររបស់លោក ព្រាប សុវត្ថិ ចូលរួមអបអរសាទរជាបន្តបន្ទាប់ ចំពោះចំណងអាពាហ៍ពិពាហ៍រយៈពេល២៤ឆ្នាំ ជាមួយភរិយា។

គួរជម្រាបថា លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅរាជធានីភ្នំពេញ។ នៅពេលដែលលោក ព្រាប សុវត្ថិ រៀបការពុំសូវមានការចាប់អារម្មណ៍ឡើយអាចថា ពេលនោះលោកមិនទាន់មានកេរ្តិ៍ឈ្មោះដូចបច្ចុប្បន្ន ហើយក៏មិនសូវមានអ្នកសារព័ត៌សួរនាំឡើយ។

លុះដល់ឆ្នាំ២០០៤ លោកបានថតនិងសម្តែងបទ «ឪពុក» ហើយបានយកកូនប្រុសបងមកសម្ដែងជាមួយ ទើប បានអ្នកគាំទ្រភាគច្រើនដឹងថា លោកមានភរិយា និងមានកូនប្រុសរួចទៅហើយ ។ ចាប់ពីពេលនោះមកទើបគេដឹងតៗគ្នាថា លោកមានភរិយា ហើយ និងឆ្នាំ២០១៨ កូនទាំងបី បានចេញមកប្រកាសជា អ្នកចម្រៀង ក្នុងផលិតកម្ម ជាមួយលោកដែរ។ អ្វីដែលមើលឃើញនោះ ជីវិតស្នេហារបស់លោក ពុំដែលលេចឮព័ត៌មានមិនល្អឡើយ ពោលគឺឃើញមានតែភាពស្រស់ស្រាយពោពេញដោយក្តីសុខនិងសុភមង្គល៕