(ភ្នំពេញ)៖ ជំនួប The Cambodia Classic Match នៅកម្ពុជារវាងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមភ្នំពេញក្រោន បានបញ្ចប់ហើយ ដោយក្រុមនាគខៀវបឹងកេត បានបន្ដបរាជ័យលើទឹកដីរបស់ខ្លួន ក្រោមថ្វីជើងក្រុមសិង្ហក្រហម ដោយលទ្ធផល ២-១ ក្នុងជំនួបសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជានៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។

ការប្រកួតដ៏កក្រើកនេះ ក្រុមនាគខៀវបឹងកេត បានបើកការនាំមុខក្រុមភ្ញៀវភ្នំពេញក្រោន ១គ្រាប់ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី១៨។ លុះចូលវគ្គទី២ លេងបាន ២នាទី អ្នកចាំទីដៃទី១ របស់ក្រុមម្ចាស់ផ្ទះកីឡាករ ហ៊ុល គីមហ៊ុយ ហាក់មានបញ្ហារបួសមិនអាចបន្ដការប្រកួតបាន ហើយត្រូវបង្ខំប្ដូរចេញភ្លាមៗ ជំនួសវិញដោយអ្នកចាំទីដៃទី២ ថា ច័ន្ទរិទ្ធី។

ទន្ទឹមជាមួយគ្នា ក្រុមភ្នំពេញក្រោន បានព្យាយាមវាយសម្រុកកាន់តែខ្លាំង ខណៈ ៣នាទីក្រោយការចាកចេញរបស់អ្នកចាំទី ហ៊ុល គីមហ៊ុយ ពួកគេក៏មានឱកាសវាយបកតាមស្មើ ១-១ វិញ ដោយកីឡាករ Yudai Ogawa នៅនាទី៥២ មុនអតីតក្រុមជើងឯក ៦សម័យនេះ បានបន្ថែមគ្រាប់ទី២ ដើម្បីបើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទី៥៤ ដែលបញ្ចប់ទីដោយកីឡាករ Valerii Hryshyn ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតតែម្ដង។

នេះគឺជាប្រកួតទី២ ហើយដែលក្រុមជើងឯកឆ្នាំចាស់បឹងកេត បានរងបរាជ័យលើទឹកដីរបស់ខ្លួន បន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមណាហ្គាវើលដ៏ ១-០ នាំឲ្យក្រុមរហស្សនាមនាគខៀវនេះ មិនទាន់មានពិន្ទុរាប់នៅឡើយ ស្របពេលក្រុមភ្នំពេញក្រោន បានត្រឡប់ទៅឈរកំពូលតារាងជាថ្មី ដោយមាន ៩ពិន្ទុពេញក្នុងដៃ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ពោលគឺឈ្នះសូលទីឡូអង្គរ ៧-១, ឈ្នះគិរីវង់ ២-១ និងឈ្នះបឹងកេត ២-១ ដែលសុទ្ធតែជាជ័យជម្នះក្រៅដី៕