(ក្រុងឡុងដ៍)៖ Manchester City ដែលជាក្លិបបាល់ទាត់លេចធ្លោមួយរបស់អង់គ្លេស បានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ១២៦លានផោន ស្មើនឹង ១៧៤លានដុល្លារអាមេរិកកាលពីរដូវកាលមុនឆ្នាំ២០១៩-២០២០ នៅពេលដែលពួកគេ បានក្លាយជាក្រុមរងជើងឯក Premier League និងឈ្នះបានតែពានរង្វាន់ League Cup ១ប៉ុណ្ណោះ។

ការខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ គឺបណ្តាលមកពីវិបត្តិជំងឹ Covid-19 ដែលបង្ខំឲ្យគ្រប់ការប្រកួតពុំអាចលក់សំបុត្រឲ្យអ្នកគាំទ្រចូលទស្សនាបានទាំងការប្រកួតក្នុងលីគ និង UEFA Champions League ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

នេះមានន័យថា Man City បានខាតបង់ ១១ភាគរយនៃប្រាក់ចំណូល ៤៧៨លានផោន ក្នុងនោះដែរមិនរាប់បញ្ចូលលក់កីឡាករ Leroy Sane ទៅឲ្យក្លិបអាល្លឺម៉ង់ Bayern Munich នោះទេ។

City ដែលមានកំពុងមាន ១៤ពិន្ទុនាំមុខក្រុមលេខ២ Manchester United ក្នុង Premier League រដូវកាលនេះ រំពឹងខាតបង់តិចតួច នៅក្រោយពេលពួកគេត្រូវការប្រជែងដល់ទៅ ៤ពានក្នុងយុទ្ធនាការឆ្នាំ២០២០-២០២១ នេះរួមមានពាននៅអង់គ្លេស៣ និងពាន Champions League ១៕