(ពិភពលោក)៖ អស់រយៈពេលជាង ៥០០ឆ្នាំ ដែលប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុប បានអនុវត្តនយោបាយអាណានិគមត្រួតត្រាប្រទេសនានានៅជុំវិញពិភពលោក។ ពួកមហាអំណាចទាំងនោះត្រូវបានចែកចេញជាពីរក្រុមធំៗ គឺក្រុមមហាអំណាចចាស់ ដែលមានអេស្ប៉ាញ ព័រទុយហ្កាល និងហូឡង់ (ដាត្ឆ) ចំណែកឯក្រុមមហាអំណាចថ្មី គឺមានអាល្លឺម៉ង់ អង់គ្លេស និងបារាំង។
នៅសតវត្សរ៍ទី១៥ គោលបំណងនៃការអនុវត្តនយោបាយអាណានិគមលើប្រទេសដទៃនេះ ដំបូងឡើយ គឺគ្រាន់តែស្វែងរកដែនដីធ្វើជំនួញជួញដូរគ្រឿងទេសតែប៉ុណ្ណោះ ពីព្រោះគ្រឿងទេសគឺជាអាហារដ៏សំខាន់សម្រាប់អ្នកស្រុកអឺរ៉ុប ក្នុងនោះមានដូចជា ម្រេច ទឹកឃ្មុំ ក៏ដូចជាខ្លឹមចន្ទន៍ជាដើម។ លុះដល់សតវត្សរ៍ទី១៨ នៅទ្វីបអឺរ៉ុបបានចាប់ផ្ដើមកើតមានបដិវត្តឧស្សាហកម្ម ពួកមហាអំណាចថ្មីក៏បានពង្រីកដែនដីអាណានិគមរបស់ខ្លួនកាន់តែច្រើនឡើងៗ ដើម្បីប្រមូលយកវត្ថុធាតុដើមពីដែនដីទាំងនោះ មកបម្រើដល់ខ្សែចង្វាក់ផលិតកម្មក្នុងប្រទេសរបស់ពួកគេ ហើយបាននាំយកផលិតផលដែលផលិតបាន មកលក់ឱ្យប្រជាជននៅលើដែនដីក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ម្យ៉ាងវិញទៀត ការពង្រីកដែនដីអាណានិគមនេះ ក៏ដើម្បីពង្រឹងការការពារ និងចរាចរណ៍នាវាជំនួញរបស់ពួកគេឱ្យកាន់តែរឹងមាំ។ ដោយហេតុថា នយោបាយអាណានិគមរីកចម្រើនទៅបាន ក៏ដោយសារការរីកចម្រើននៃវិស័យនាវាចរណ៍ផងដែរ។
១៖ មហាអំណាចចាស់
មុនឈានដល់ការអនុវត្តនយោបាយអាណានិគមនេះ ចក្រភពអេស្ប៉ាញ និងព័រទុយហ្កាល់បានបញ្ជាឱ្យមេទ័ពជើងទឹក និងអ្នកផ្សងព្រេងជាច្រើនបន្តការរុករកដែនដីថ្មីពីអ្នករុករកជំនាន់មុន ដោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយ ក្នុងនោះមានដូចជា លោក វ៉ាស្កូដឺហ្កាម៉ា (Vasco da Gama 1460-1524) អ្នករកឃើញជ្រោយសង្ឃឹម និងផ្លូវសមុទ្រមកកាន់ប្រទេសឥណ្ឌា លោក គ្រីស្តុប កូឡុំ (Christopher Columbus 1451-1506) និងលោក អាមេរីកូ វេស្ពូស៉ី (Amerigo Vespucci 1454-1512) ដែលបានរកឃើញអាមេរិក ព្រមទាំងលោក ម៉ាសេឡង់ (Ferdinand Magellan 1480-1521) និងលោក សេបាស្ទៀន (Sebastian del Cano 1486-1526) ដែលជាអ្នកបានធ្វើដំណើរជុំវិញពិភពលោក។ តាមរយៈក្រុមអ្នករុករកនេះ ពួកអឺរ៉ុបមានការយល់ដឹងកាន់តែច្បាស់អំពីពិភពខាងក្រៅ និងមានគំនិតចង់គ្រប់គ្រងតំបន់នានា ដែលសម្បូរទៅដោយភោគទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់នោះ។
ចាប់ពីសតវត្សរ៍ទី១៥ ចក្រភពអេស្ប៉ាញ និងចក្រភពព័រទុយហ្កាល់ ក៏បានបើកការវាយទន្ទ្រានចូលកាន់កាប់ដែនដីមួយចំនួននៅទ្វីបអាមេរិកមុនគេ ក្រោយមកក៏បានវាយយកដែនដីមួយចំនួនទៀតនៅទ្វីបអាហ្វ្រិក និងបន្តវាយយករដ្ឋនានានៅទ្វីបអាស៉ី។
នៅគ្រិស្ដសករាជ ១៤៩៨ កងទ័ពព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋហ្គោអា (Goa) នៅប្រទេសឥណ្ឌា និងបានឆ្លងមហាសមុទ្របន្តមកដល់ទឹកដីអាស៉ីអាគ្នេយ៍។ នៅគ្រិស្ដសករាជ ១៥១១ ព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋម៉ាឡាកានៅប្រទេសម៉ាឡេស៉ីបច្ចុប្បន្ន ប្រជុំកោះមូលុក នៅប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន ហើយក៏បានបន្តធ្វើដំណើរកាត់តាមសមុទ្រចិនខាងត្បូង ឆ្ពោះទៅដល់ច្រាំងខាងត្បូងនៃមហាម៉េង (Ming dynasty 1368-1644) និងដណ្ដើមយកម៉ាកាវបាននៅគ្រិស្ដសករាជ ១៥៥៧។
នៅគ្រិស្ដសករាជ ១៥៦៥ ចក្រភពអេស្ប៉ាញបានច្បាំងដណ្ដើមយកអាណាចក្រសេប៊ូ (Cebu) ហើយក្រោយមកក៏បានបង្កើតរដ្ឋធានីម៉ានីលនៅគ្រិស្ដសករាជ ១៥៧១ ដែលចំណុះក្រោមអំណាចកងទ័ពអេស្ប៉ាញ។
ចំណែកឯហូឡង់វិញ បានធ្វើដំណើរដ៏វែងឆ្ងាយតាមផ្លូវសមុទ្រទៅដល់ទឹកដីជប៉ុននៅគ្រិស្ដសករាជ ១៦០០។ ប្រមាណ ១៩ ឆ្នាំក្រោយមក ហូឡង់ក៏បានដណ្ដើមយករាជធានីជ័យកាតា ឬហ្សាការតា ពីអាណាចក្ររបស់ពួកជ្វាដែលកាន់សាសនាឥស្លាម និងបានប្ដូរឈ្មោះទីក្រុងនេះពីជ័យកាតាមកជា «ប៉ាត់តាវៀ»។
ទោះបីមហាអំណាចអាណានិគមទាំងបីនេះ បានប្រើធម៌ក្ដៅទៅលើបណ្ដារដ្ឋនៅអាស៉ីអាគ្នេយ៍ដីកោះក៏ពិតមែន ប៉ុន្តែសម្រាប់បណ្ដារដ្ឋនៅអាស៉ីអាគ្នេយ៍ដីគោក មិនត្រូវបានរងការជិះជាន់ពីសំណាក់ពួកគេឡើយ ពោលគឺមានតែចងសម្ពន្ធមិត្តនឹងគ្នាថែមទៀតផង ក្នុងនោះព័រទុយហ្កាល់បានចុះសន្ធិសញ្ញជាមួយសៀម ដើម្បីឱ្យសៀមផ្គត់ផ្គង់ស្បៀងអាហារឱ្យកងទ័ពព័រទុយហ្កាល់ សម្រាប់ប្រើប្រាស់ក្នុងចម្បាំងវាយយករដ្ឋនានានៅដែនដីកោះ រីឯព័រទុយហ្កាល់ត្រូវលក់កាំភ្លើងធំ ទូកចម្បាំង និងបញ្ជូនទាហានស៉ីឈ្នួលឱ្យចូលបម្រើស្ដេចសៀម ដើម្បីធ្វើចម្បាំងជាមួយប្រទេសជិតខាង រួមមាន ភូមា ខ្មែរ មន លាវជាដើម។
នៅអំលុងគ្រិស្ដសករាជ ១៥៨៥ អ្នកផ្សងព្រេងជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះ ឌីយ៉ូកូ វេឡូសូ (Diogo Veloso ឬ Diego Belloso) រួមជាមួយស្ម័គ្របក្ខពួកមួយចំនួនទៀត បានមកដល់ក្រុងលង្វែក (Longvek) នៃព្រះរាជាណាចក្រខ្មែរ។ លោក វេឡូសូ បានខិតខំព្យាយាមរៀនភាសាខ្មែរ ហើយក៏ទទួលបានការសព្វព្រះទ័យយ៉ាងខ្លាំងពីព្រះមហាក្សត្រខ្មែរ ព្រះបាទសត្ថាទី១ (King Satha 1576-1595) រហូតដល់ព្រះអង្គបានលើកប្អូនស្រីជីដូនមួយ ឱ្យរៀបអភិសេកនឹងជនជាតិព័រទុយហ្កាល់រូបនេះថែមទៀតផង។
នៅគ្រិស្ដសករាជ ១៥៩៣ ជនជាតិអេស្ប៉ាញពីរនាក់ទៀត គឺលោក ហ្គុងហ្សាឡេស (Ruiz de Hernán González ឬ Blas Ruiz de Fernán González) និងលោក ម៉ាឈូកា (Vargas Machuca) ក៏បានមកដល់ក្រុងលង្វែកដែរ ហើយលោកក៏ទទួលបានការរាប់អានយ៉ាងជិតស្និទ្ធពីសំណាក់ព្រះបាទសត្ថា ដោយព្រះអង្គបានសព្វព្រះទ័យតែងតាំងជាព្រះរាជអង្គរក្សផ្ទាល់ផងដែរ។ មួយវិញទៀត លោក វេឡូសូ ក៏ត្រូវបានទេសាភិបាលអេស្ប៉ាញប្រចាំនៅម៉ានីល តែងតាំងលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសខ្មែរផងដែរ នៅក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ (King Reamea Chung Prey 1594-1596) ដែលបានសោយរាជ្យក្រោយរំដោះក្រុងលង្វែកពីសៀមបាន។
វត្តមានរបស់កងទ័ពអាណានិគមទាំងបីខាងលើនេះ ហាក់មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំង ហើយក៏មិនទាន់ឈ្លានពានខ្លាំងទៅដល់បណ្ដានគរនៅដែនដីគោកនៅឡើយដែរ។ ទីតាំងដែលពួកគេត្រូវការ ភាគច្រើនគឺស្ថិតនៅតាមច្រាំងសមុទ្រ និងកោះតូចធំជាដើម។ គេត្រូវរង់ចាំដល់មានវត្តមានរបស់អង់គ្លេស និងបារាំងដែលបានមកដល់ទ្វីបអាស៉ីនៅសតវត្សរ៍ទី១៨ ទើបព្រឹត្តិការណ៍អាណានិគមនៅលើទ្វីបមួយនេះចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងឡើងៗ។