(ភ្នំពេញ)៖ ការបរាជ័យ ២ប្រកួតផ្ទួនៗរបស់ក្រុមការពារតំណែងជើងឯកបឹងកេត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្ដែអគ្គលេខាធិការក្លិបលោក បែ មករា បានលើកឡើងថា ទោះបីជាការចាប់ផ្ដើមមិនបានល្អ តែវាមិនមែនបញ្ជាក់ថា ជាទីបញ្ចប់ដ៏អាក្រក់នោះទេ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រុមជើងឯក ៤សម័យខាងលើបានបន្ដប្រកួតចាញ់ក្នុងដី ក្រោមថ្វីជើងក្រុមសិង្ហក្រហមភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េកាលពីម្សិលមិញ ហើយនេះគឺជាលើកដំបូងដែលបឹងកេត បានរងបរាជ័យ ២ប្រកួតជាប់គ្នា សម្រាប់ការចាប់ផ្ដើមរដូវកាលថ្មី បើគិតចាប់ពីឆ្នាំ២០១៥ មក។

លោក បែ មករា បានបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួនក្រោយជំនួប The Cambodia Classic Match ខាងលើថា «វាជាការចាប់ផ្តើមដែលមិនល្អ ប៉ុន្តែមិនមានន័យថា ជាទីបញ្ចប់ដ៏អាក្រក់នោះទេ ខ្ញុំនៅតែមានការជឿជាក់លើក្រុមការងារ កីឡាករ និងអ្នកគាំទ្ររបស់ពួកយើង។ សូមអរគុណដល់អ្នកគាំទ្រទាំងសងខាងសម្រាប់ការចូលរួមធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ»

គួរដឹងថា លីគកំពូលកម្ពុជាបានដំណើរការប្រកួតឈានដល់សប្ដាហ៍ទី៥ ហើយ តែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការប្រកួតជាច្រើន ត្រូវបានលើកពេល ជាក់ស្ដែងក្រុមបឹងកេត ទើបឆ្លងផុត ២ប្រកួតប៉ុណ្ណោះដែលចាញ់ទាំងអស់ បន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមណាហ្គា ១-០។ រីឯភ្នំពេញក្រោនវិញ បានឆ្លងកាត់ ៣ប្រកួតហើយ ដោយឈ្នះទាំង ៣ប្រកួត ដើម្បីឈរកំពូលតារាង និងមាន ៩ពិន្ទុពេញក្នុងដៃ៕