(ភ្នំពេញ)៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំ និងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤កន្លែងនៅជុំវិញរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១,៥លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៤លានដូស បន្ថែមទៀតរំពឹងថា នឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថា ពលរដ្ឋកម្ពុជាទទួលបានការការពារប្រឆាំងជំងឺកូវីដ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពីព្រឹតិ្តការណ៍ថ្ងៃទី២០កុម្ភៈ។

ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវតង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានថ្លែងថា «ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជា គឺជាក្ដីបារម្ភដ៏ធំមួយ សម្រាប់យើងទាំងអស់គ្នា និងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុងតាមដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឲ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន»

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់និងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ទី០៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស, វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ, វិទ្យាល័យទួលទំពូង, វិទ្យាល័យបឹងកេងកង, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, សាលាបឋមសិក្សាវត្តសន្សំកុសល, សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស, ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ, មណ្ឌលសុខភាពភ្នំពេញថ្មី, សាលាបឋមសិក្សាជម្ពូវ័ន, មណ្ឌលសុខភាពគោករកា, មណ្ឌលសុខភាពពងទឹក, និងវិទ្យាល័យកំបូល។

មូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជា១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។ សាធារណជនអាចដឹងពីព័ត៌មានបន្ថែម តាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

សូមរំលឹងថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី៕