(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ រយៈពេល១៧ថ្ងៃ នៅសណ្ឋាគារ Great Duke នៅពេលនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បញ្ជាក់ថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះខ្លួនឯងបន្ថែមទៀត។

សួស វីហ្សា បានបញ្ជាក់ប្រាប់ Fresh News Plus នៅមុននេះបន្តិចថា នាងបានជាសះស្បេីយពីជំងឺ COVID-19 ហេីយ បន្ទាប់ពីលទ្ធផលធ្វើតេស្តសំណាកឃើញ អវិជ្ជមានទាំងពីរលើក។ នាងថា ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យនាងវិលត្រឡប់ទៅផ្ទះវិញ និងបន្តធ្វេីចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ចំនួន១៤ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២០ខែមេសា។

សួស វីហ្សា បន្តថា គ្រួសាររបស់នាងបានទទួលលទ្ធផលសំណាកលេីកទី២ ទាំងកូនរបស់នាង គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី៤របស់ប្តីនាងក៏អវិជ្ជមានដែរ។

គួរជម្រាបថា តារាចម្រៀង សួស វីហ្សា បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ និងត្រូវបានបញ្ចូនទៅព្យាបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយបានជាសះស្បើយឡើងវិញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១៕