(រីយ៉ូ)៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិប FC Barcelona គឺកីឡាករ Philippe Coutinho ត្រូវបានរាយការណ៍ថា នឹងត្រូវអវត្តមានជួយក្រុមជម្រើសជាតិសាំបាប្រេស៊ីល ក្នុងប្រជែងពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ដោយសារបញ្ហារបួសជង្គង់ជាមិនទាន់ពេល ខណៈការប្រកួតនឹងចាប់ផ្តើមនៅអំឡុងថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដាឆ្នាំនេះ។

បុរសវ័យ ២៨ឆ្នាំដែលផ្ទេរចេញពីក្លិបអង់គ្លេស Liverpool ទៅកាន់ Barcelona របស់អេស្ប៉ាញនោះ បានជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ដែលត្រូវបានវេជ្ជបណ្ឌិត Rodrigo Lasmar ឲ្យដឹងថា «របួសនេះត្រូវការវះកាត់ ដែលអាចសម្រាករហូតដល់ខែសីហា និងពុំទាន់ការប្រកួត Copa America នោះទេ»

នេះជាការវះកាត់ជង្គង់លើកទី៣ សម្រាប់ Coutinho ចាប់តាំងពីខែមករាមក ដ្បិត Philippe Coutinho បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីល ៦៣ប្រកួត និងរកបាន ១៨គ្រាប់ចាប់តាំងពីឆ្នាំ២០១០ គ្រាដែលបច្ចុប្បន្នទើបលេងបាន ១៤ប្រកួតជាមួយក្រុមអ្នកមានបុណ្យ ក្រោយបញ្ចប់លក្ខខណ្ឌខ្ចីជើងជាមួយក្លិបអាល្លឺម៉ង Bayern Munich ១រដូវកាលកន្លងមក៕