(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកឲ្យដំណើរការជាផ្លូវការ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៉ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៉ី អាយ អេស)។

ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៉ីនធើរណិតដែលនឹងត្រូវដាក់ឲ្យដំណើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ ដល់អ្នកប្រើប្រាស់ ភាគីពាក់ព័ន្ធ ទាំងអស់ និងសាធារណជននូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មានពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បំប្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះពីគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធផ្តល់សេវាការងារនេះនឹងដើរតួជាអន្តរការីដ៏សំខាន់បំផុត ដែលជាស្ពានផ្សារភ្ជាប់រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអ៉ីនធើរណិត និងឌីជីថលទំនើប ស្របតាមបរិការណ៍នៃការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។

សមិទ្ធផលនៃប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៉ីនធើរណិតនេះនឹងជួយពង្រឹងមុខងារនិងដំណើរ ការផ្តល់សេវាការងារដែលមានស្រាប់របស់ NEA ឲ្យកាន់តែឆ្លើយតបបានល្អ ប្រសើរ ទាន់ពេលវេលា និង បំពេញ តាមតម្រូវការរបស់អ្នកប្រើប្រាស់សេវា កាន់តែពេញចិត្ត សំដៅជំរុញឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការ ដាក់ពាក្យស្វែងរកការងារ ផ្គូផ្គងការងារ និងជ្រើសរើសកម្លាំងពលកម្ម។

NEA មានក្តីរំពឹង យ៉ាងមុតមាំថា៖
* អ្នកស្វែងរកការងារ អាចចូលមើល ស្វែងរក និងទទួលបានព័ត៌មានជ្រើសរើសកម្លាំងពលកម្ម និងឱកាសកម្មសិក្សាការងារ ស្របតាមតម្រូវការនិងជំនាញរបស់ខ្លួន ព្រមទាំងអាចទទួលការប្រឹក្សាយោបល់អាជីព និងការងារ តាមប្រព័ន្ធអនឡាញ ក៏ដូចជាការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។
* និយោជក អាចផ្សព្វផ្សាយព័ត៌មានពីតម្រូវការកម្លាំងពលកម្មកាន់តែទូលំទូលាយ ដើម្បីជ្រើសរើសបេក្ខជនដែលស្របតាមតម្រូវការ និងលក្ខខណ្ឌការងារដោយអាចសម្ភាសជ្រើសរើសតាមអនឡាញ និងចូលរួមក្នុងព្រឹត្តិការណ៍ការងារជាច្រើនទៀត។
* អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចទទួលបានព័ត៌មាន ទីផ្សារការងារដើម្បីរៀបចំកម្មវិធីសិក្សា និងផែនការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ ព្រមទាំងអាចផ្សព្វផ្សាយព័ត៌មានអំពីវគ្គបណ្តុះបណ្តាលរបស់គ្រឹះស្ថាន និងកម្មវិធីអាហារូបករណ៍ផងដែរ។

លើសពីនេះ អ្នកប្រើប្រាស់សេវា និងសាធារណជនទាំងអស់ក៏អាចប្រើប្រាស់ប្រព័ន្ធសេវាការងារថ្មីនេះ ដើម្បីចូលរួមពិព័រណ៍ការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងវេទិកាការងារ ការប្រឹក្សាយោបល់អាជីព និងការងារ សំដៅ ពង្រីក វិសាលភាពនៃតម្រូវការតាមលក្ខខណ្ឌរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការផ្តល់ សេវាតាម បច្ចេកវិទ្យាជំនាន់ថ្មី៕