(ភ្នំពេញ)៖ ក្រុមហ៊ុន TADA Delivery ជាសេវាកម្មដឹកទំនិញ បានចាប់ដៃគូសហការផ្តាច់មុខ ជាមួយសណ្ឋាគារលំដាប់ផ្កាយ៥ គឺសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីបំពេញតម្រូវការ ដឹកជញ្ជូនរហ័សជូនអតិថិជន និងជួយបង្កើនកម្រិតជីវភាពរបស់ដៃគូ បើកបរក្នុងគ្រាលំបាកនៃ ការរីករាលដាលនៃជំងឺកូវីដ១៩។
តាមរយៈភាពជាដៃគូសហការនេះ ក្រុមហ៊ុន TADA Delivery នឹងរ៉ាប់រងរាល់ការដឹកជញ្ជូន អាហារដល់អតិថិជន Hyatt Regency ប្រកបដោយសុវត្ថិភាព និងយកចិត្តទុកដាក់ លើការរក្សាអនាម័យបង្ការជំងឺឆ្លងខ្ពស់។ ការដឹកជញ្ជូនទាំងអស់ នឹងរួមចំណែកយ៉ាងច្រើន ដល់ការផ្តល់ចំណូល សម្រាប់ដៃគូដែលដឹកជញ្ជូនរបស់ TADA តាមរយៈការបង្កើតការងារបន្ថែមទៀត។
បន្ទាប់ពីការរីករាលដាលនៃជំងឺ១៩ ក្នុងសហគមន៍នៅដើមឆ្នាំ២០២១កន្លងមកប្រទេសកម្ពុជាកំពុងរងគ្រោះ នូវអាត្រាឆ្លងខ្ពស់បំផុត។ ខណៈការចាត់វិធានការនៃការរក្សាគម្លាត និងរឹតបន្តឹងការចេញទៅមកនៅតែបន្ត អ្នកបើកបរកង់បីឥណ្ឌាក្នុងស្រុក នឹងអាជីវករខ្នាតតូចជាច្រើនទៀត កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពី ការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ។
នេះជាហេតុផលដែល TADA Delivery ព្យាយាមជួយសម្រួលដល់ការបន្តអាជីវកម្ម ដោយការផ្តល់ជូននូវតម្លៃដឹកជញ្ជូន ទាបត្រឹមតែ៤ពាន់រៀល ក្នុងមួយកញ្ចប់គ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដល់អាជីវកម្មជាច្រើន ដែលមានតម្រូវការសេវាកម្មដឹកជញ្ជូន។
លោក ជឹម ប៉ូលី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន MVL TADA Cambodia និង ONION Mobilityបានឲ្យដឹងថា «ព្រឹត្តិការណ៍សហគមន៍លើកទី៣នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍មុនៗ ពិសេសទៅលើអាជីវកម្មខ្នាតតូច និងដៃគូបើកបរដែលកំពុងបាត់បង់ការងារ។ យើងប្តេជ្ញាបន្តពង្រីកការចាប់ដៃគូសហការរបស់យើង ជាមួយអាជីវកម្មក្នុងស្រុកមិនថាតូច ឬធំដូចដើម្បីគាំទ្រជីវភាពប្រចាំថ្ងៃ របស់អ្នកបើកបរដែលកំពុងពឹងផ្អែក លើកម្មវិធីរបស់យើងដើម្បីមានការងារ
ប្រចាំថ្ងៃ»។
លោកបានបន្ដថា ក្រុមហ៊ុន Hyatt Regency បានមើលឃើញពី តម្លៃនៃប្រព័ន្ធអេកូឡូស៊ី ដែលយើងបានបង្កើតក៏ដូចជា ជ្រើសរើស TADA Delivery ជាដៃគូដឹកជញ្ជូនផ្តាច់មុខផងដែរ។
ក្រុមហ៊ុននឹងសហការជាមួយដៃគូបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបន្ថែម ហើយគាំទ្រដល់ប្រជាជនឲ្យកាន់តែច្រើន។
សូមជម្រាបថា ការបម្រើអាហារ និងភេសជ្ជៈរបស់សណ្ឋាគារ Hyatt Regencyបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សណ្ឋាគារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ជាពិសេសបានជួយដល់ Franchises ជាច្រើនទូទាំងពិភពលោក ស្របពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល។
សណ្ឋាគារ Hyatt Regency Phnom Penh យល់ឃើញថា ការប្រើសេវាកម្មដឹកជញ្ជូន ជាការផ្លាស់ប្តូរមួយ សម្រាប់អាជីវកម្មបែបសណ្ឋាគារ ដែលអាចនាំមុខដៃគូ ប្រកួតប្រជែងបាន។ ជាមួយនឹងការអនុវត្តអនាម័យយ៉ាងតឹងរឹង និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ការចាប់ដៃគូដឹកជញ្ជូនជាមួយ TADA Delivery នៅតែអាចរក្សាគុណ័ភាពអាហារ និងភេសជ្ជៈរបស់សណ្ឋាគារ Hyatt Regency Phnom Penhបាននេះបើតាមសម្ដីរបស់លោក Michael Tri Wijaya ប្រធានផ្នែកទីផ្សារឌីជីថលសណ្ឋាគារ Hyatt Regency Phnom Penh៕