(អាមេរិក)៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានឲ្យដឹងថា ប្រាក់ចំណេញនៅក្នុងត្រីមាសដើមឆ្នាំ២០២១ នេះ ទទួលបានខ្ពស់ជាងការព្យាករ ដោយសារតែការលក់ស្មាតហ្វូន និងទូរទស្សន៍មានអត្រាខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះបានបញ្ជាក់ឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២១ ខ្លួនទទួលបានប្រាក់ចំណេញ ៨.៣២ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងប្រមាណ ៤៤ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ការព្យាកររបស់ក្រុមអ្នកវិភាគត្រូវទៅលើចំណុចមួយនោះគឺការលក់ស្មាតហ្វូនបានជួយជំរុញឲ្យប្រាក់ចំណេញរបស់ Samsung ទទួលបានខ្ពស់ ខណៈដែលការលក់បន្ទះឈីប មានការធ្លាក់ចុះដោយសារតែរង់នូវសម្ពាធពីរដ្ឋាភិបាលអាមេរិក។
មួយវិញទៀត Samsung ក៏បានឲ្យដឹងផងដែរថា ការលក់ទូរទស្សន៍ និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏បានកើនឡើងផងដែរ ដោយសារតែមនុស្សជាច្រើនបានសម្ងំនៅក្នុងផ្ទះ ព្រោះតែកូវីដ-១៩។
ក្រុមហ៊ុន Samsung មិនទាន់បង្ហាញរបាយការណ៍លម្អិតស្ដីពីទិន្នន័យហិរញ្ញវត្ថុត្រីមាសទី១នេះឡើយ៕