(អាំស្ទើដាំ)៖ ព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 នៅទីក្រុង Amsterdam ប្រទេសហូឡង់នោះត្រូវបានគេរំពឹងថា នឹងធ្វើឡើងដោយមានអ្នកគាំទ្រចូលរួមយ៉ាងហោចណាស់ចំនួន ១២,០០០នាក់ដែរក្នុងកីឡដ្ឋាន។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ហូឡង់ (KNVB) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

កីឡដ្ឋាន Johan Cruijff Arena ស្ថិតក្នុងទីក្រុង Amsterdam អាចអនុញ្ញាតឲ្យអ្នកគាំទ្រយ៉ាងហោចណាស់ ២៥ភាគរយនៃសមត្ថភាពផ្ទុករបស់វា ឬច្រើនជាងនេះនៅខែមិថុនាខាងមុខ អាស្រ័យលើការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងប្រទេស នេះបើតាម KNVB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយនឹងរដ្ឋាភិបាលហូឡង់ និងទីក្រុង Amsterdam។

ចំនួនពិតប្រាកដនៃអ្នកគាំទ្រដែលត្រូវបានអនុញ្ញាតឲ្យចូលរួម នឹងកំណត់នៅដំណាក់កាលបន្ទាប់ដោយរដ្ឋាភិបាលហូឡង់។ អ្នកគាំទ្រទាំងអស់នឹងតម្រូវឲ្យមានភាពអវិជ្ជមាន COVID-19 ភ្លាមៗមុនពេលចូលទស្សនាការប្រកួត ហើយនឹងត្រូវបានណែនាំឲ្យអនុវត្តពិធីសារសុវត្ថិភាព នៅក្នុងកីឡដ្ឋានថែមទៀតដែរ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ KNVB បានអនុញ្ញាតឲ្យមានចំនួនកំណត់នៃអ្នកគាំទ្រចូលរួមក្នុងការប្រកួតលីគមួយចំនួនរបស់ហូឡង់ ដើម្បីសាកល្បងពិធីសារការពារមេរោគឆ្លងនេះ។

ក្រុមជម្រើសជាតិហូឡង់ នឹងប្រកួត ៣លើកក្នុងជុំដំបូងរបស់ខ្លួននាទីក្រុង Amsterdam តទល់ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែន នៅថ្ងៃទី១៣ ខែមិថុនា មុនពេលជួបអូទ្រីស នៅថ្ងៃទី១៧ ខែមិថុនា និងក្រុមម៉ាសេដូនខាងជើង នៅថ្ងៃទី២១ ខែមិថុនា។ ការប្រកួតជុំទី២ នឹងធ្វើឡើងនៅទីក្រុង Amsterdam នាថ្ងៃទី២៦ ខែមិថុនាសម្រាប់ Euro 2020 នៅចន្លោះខែមិថុនា និងបញ្ចប់ទៅវិញនាខែកក្កដា ឆ្នាំ២០២១៕