(ម៉ូនិច)៖ ក្រុមបាល់ទាត់ Paris Saint-Germain បានលើកទ័ពទៅសងសឹកក្រុមម្ចាស់ផ្ទះ Bayern Munich បានសម្រេចវិញក្នុងលទ្ធផលឈ្នះក្រៅដី ៣-២ បន្ទាប់ពីពួកគេបានចាញ់វគ្គផ្តាច់ព្រ័ត្រ ១-០ កាលពី UEFA Champions League រដូវកាលមុន។

ក្រុមជើងឯកបារាំង Paris បានចំណេញ ៣គ្រាប់ក្រៅដីសម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៅ UCL ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Allianz Arena នារាត្រីថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ មុនពេលត្រឡប់ទៅលេងនៅទឹកដី Parc des Princes វិញនាសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ជើងទី២។

កីឡាករវ័យក្មេង Kylian Mbappe រកបាន ២គ្រាប់ដែលធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកើនបាន ៨គ្រាប់ហើយនៅពានអឺរ៉ុបរដូវកាលនេះ នៅពេលមិត្តរួមក្រុម Marquinhos ក៏ចូលរួមរកបាន ១គ្រាប់ដែរនៅនាទី២៨ ដ្បិតក្រុមខ្លារខិន Bayern Munich បានអវត្តមានខ្សែប្រយុទ្ធសំខាន់ Robert Lewandowski ដោយសារបញ្ហារបួស តែក៏រកបាន ២គ្រាប់ដែរដោយកីឡាករ Choupo-Moting និង Thomas Muller។

នេះមានន័យថា ក្រុមរបស់លោក Mauricio Pochettino កំពុងមានទឹកមាត់លេបក្នុងការឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UCL រដូវកាលនេះ ដ្បិតពុំទាន់ឈ្នះពាននេះម្តងណានៅឡើយទេ បានត្រឹមរងជើងឯកម្តងកាលឆ្នាំ២០២០ កន្លងទៅ៕