(សេវីយ៉ា)៖ ខ្សែប្រយុទ្ធជួរមុខ Mason Mount និងបម្រើ Ben Chilwell រកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងជ័យជម្នះ ២-០ ទៅលើ FC Porto សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League នារាត្រីថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

កីឡាករវ័យក្មេងអង់គ្លេស Mount ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៣២ ពីការបញ្ជូនរបស់ Jorginho នៅមុនពេល Ben Chilwell ដែលផ្ទេរចេញពីក្លិប Leicester City រដូវកាលនេះ រកបានគ្រាប់ទី២ នៅនាទី៨៥ នៃការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលនាទីក្រុង Seville ប្រទេសអេស្ប៉ាញទាំង ២ជើង។

នេះជាការស្តារមុខមាត់ឡើងវិញផងដែរ បន្ទាប់ពីពួកគេបានចាញ់ West Bromwich Albion ស្ពឹកមុខនៅ Premier League កាលសប្តាហ៍មុនក្នុងលទ្ធផល ៥-២ ដែលជាការបរាជ័យលើកដំបូងរបស់ពួកគេផងដែរ ក្រោមការបង្វឹករបស់គ្រូថ្មី លោក Thomas Tuchel ដែលមានកិច្ចសន្យារយៈពេល ១៨ខែនៅ Stamford Bridge។

Chelsea ជាក្រុមមួយដែលបានទម្លាក់ Atletico Madrid ចេញពី UCL ក្នុងវគ្គ ១៦ក្រុម មុនបន្តមកយកឈ្នះក្រុមដែលទម្លាក់ Juventus ក្នុងវគ្គខាងលើដូចគ្នាគឺ FC Porto របស់ព័រទុយហ្គាល់ដោយលទ្ធផល ២-០ ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយទៀត៕