(សេអ៊ូល)៖ ក្រុមហ៊ុន LG Electronics បានបង្ហើបឲ្យដឹងពីរបាយការណ៍ហិរញ្ញវត្ថុបឋមត្រីមាសទី១ ឆ្នាំ២០២១ ដោយប្រាក់ចំណូល និងចំណេញទទួលបានគួរឲ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍របស់ LG បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា និងកុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះរកចំណូលបាន ១៦.៨ពាន់លានដុល្លារអាមេរិក ខណ:ដែលប្រាក់ចំណេញសុទ្ធនៅក្នុងត្រីមាសនេះផងដែរទទួលបាន ១.៣ពាន់លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុខាងលើនេះ បើយើងធៀបទៅនឹងត្រីមាសដូចគ្នាឆ្នាំមុន យើងឃើញថាប្រាក់ចំណូលមានការកើនឡើង ២៧.៧ភាគរយ និងប្រាក់ចំណេញមានការកើនឡើង ៣៩.២ភាគរយ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន LG បានឲ្យដឹងថា នេះគ្រាន់តែជារបាយការណ៍ហិរញ្ញវត្ថុបឋមប៉ុណ្ណោះ ចំណែករបាយការណ៍ហិរញ្ញវត្ថុពេញមួយត្រីមាសនឹងត្រូវប្រកាសបង្ហាញនៅចុងខែនេះ។
គួរបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យា LG បានសម្រេចចិត្តជាផ្លូវការ ចាកចេញពីអាជីវកម្មទូរស័ព្ទចល័ត បន្ទាប់ពីខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា៕