(ភ្នំពេញ)៖ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទម្រង់លេងជាមួយក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង នៅថ្ងៃពុធ ទី០៧ ខែមេសា ទោះបីចាញ់ក្រុមខ្លាំងនេះ ៤-៣ ក្ដី តែពួកគេបានទទួលការកោតសរសើរពីគ្រប់មជ្ឈមណ្ឌលរួមទាំងលោក Conor Nestor ផងដែរ ដ្បិតការប្រកួតនេះអាស៊ីអឺរ៉ុប នៅសល់សមាជិកត្រឹមតែ ១០នាក់លើទីលានតាំងពីនាទីទី៣៧ ម្ល៉េះ។

ក្នុងការប្រកួតដែលអ្នកគាំទ្ររំពឹងថា ស្វាយរៀងអាចយកឈ្នះអាស៊ីអឺរ៉ុប ដោយងាយ បែរក្លាយជាការប្រកួតដ៏តានតឹង បន្ទាប់ពីអាស៊ីអឺរ៉ុប បានបង្ហាញទម្រង់លេងដ៏ល្អ និងបានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុននៅនាទីទី៧ ដោយកីឡាករ Gbenga Samuel។ ប៉ុន្ដែគួរឲ្យសោកស្ដាយនៅនាទី៣៧ ខ្សែការពារ ឡាយ រស្មី របស់ក្រុមម្ចាស់ផ្ទះបានទទួលការពិន័យកាតក្រហម។

ប៉ុន្ដែទោះបីសល់គ្នាត្រឹម ១០នាក់លើទីលាន ក៏ក្រុមព្រះខ័នរាជស្វាយរៀងពិបាកក្នុងការស្វែងរកគ្រាប់បាល់ដែរ ជាក់ស្ដែងនៅនាទី៤១ កីឡាករក Miguel Angel Juncomartinez (Mika) បានជួយក្រុមភ្ញៀវតាមស្មើ ១-១ តែត្រូវបានកីឡាករ Abee Ndjoo Hurbert រកបានគ្រាប់ទី២ ជួយឲ្យក្រុមលោក សុក វាសនា បើកការនាំមុខជាថ្មី មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទី១ នៅនាទី៤៥+២។

ចូលវគ្គទី២ បន្ទាប់ពីលេងបាន ១នាទី កីឡាករ ប្រាក់ មុន្នីឧត្តម ក៏ជួយព្រះខ័នរាជស្វាយរៀង តាមស្មើ ២-២ ជាថ្មី នៅនាទី៤៦ មុនត្រូវបានកីឡាករ Abee Ndjoo Hurbert បន្ថែមគ្រាប់ទី៣ ជួយអាស៊ីអឺរ៉ុបបើកការនាំមុខម្ដងទៀតនៅនាទី៥៩។ តែឱកាសទទួលបានពិន្ទុរបស់អាស៊ីអឺរ៉ុប ត្រូវបានបញ្ចប់ក្នុង ១នាទី បន្ទាប់ពីត្រូវកីឡាករ Privat និង Mika ស៊ុតបញ្ចប់ទី២គ្រាប់ផ្ទួនៗនៅនាទី៦៤ និងនាទី៦៥ ដែលជាគ្រាប់បាល់ជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។

បន្ទាប់ពីចប់ការប្រកួតអ្នកគាំទ្របានសម្ដែងចាប់អារម្មណ៍ជាខ្លាំងចំពោះការប្រកួតនេះ ពិសេសក្រុមអាស៊ីអឺរ៉ុប ទោះបីសល់គ្នាត្រឹម ១០នាក់លើទីលាន តែពួកគេបានតតាំងដោយស្វិតស្វ័យជាមួយខ្លាំង ដូចជាព្រះខ័នរាជស្វាយរៀង ក្នុងនោះលោក Conor Nestor គ្រូបង្វឹកក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ក៏បានលើកសរសើរក្រុមលោក សុក វាសនា ដែលថា «ក្រុមរបស់លោកគ្រូ គឺធ្វើបានល្អប្រសើរជាងក្រុមខ្ញុំថ្ងៃនេះ»

គួរបញ្ជាក់ថា បច្ចុប្បន្នស្វាយរៀងបានឡើងឈរលេខរៀងទី២ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ ៣ប្រកួតផ្ទួនៗ ស្មើក្រុមឈរលេខរៀងទី៣ ភ្នំពេញក្រោន ដែលឈ្នះ ៣ប្រកួតដូចគ្នា។ ចំណែកអាស៊ីអឺរ៉ុប ទោះបីរបូត ៣ពិន្ទុក្នុងដៃ តែពួកគេបានរំកិលទៅឈរលេខរៀងទី៧ វិញ ដោយរក្សា ៣ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ១ និងចាញ់ ៣ដង៕