(ប៉ារីស)៖ សហព័ន្ធកីឡាវាយកូនបាល់បារាំង (FFT) បានឲ្យដឹងថា ព្រឹត្តិការណ៍ French Open 2021 លើទីលានដីក្រហម Roland Garros ត្រូវបានលើកទៅធ្វើនៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដាវិញ ដោយសង្ឃឹមថា ការប្រកួតនេះអាចនឹងមានក្រុមអ្នកគាំទ្រចូលរួមទស្សនាបាន។
ដំបូងឡើយការប្រកួតនេះគ្រោងធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តែត្រូវបាន FFT សម្រេចលើកពេលមួយសប្តាហ៍វិញ ដែលបណ្តាលមកពីការរីករាលដាលវីរុស COVID-19 នៅក្នុងប្រទេស។
ហេតុផលមួយទៀត បារាំងបានកំពុងតែមានភាពវឹកវរដោយសារវីរុសខាងលើនេះ គ្រាដែលមានការបិទប្រទេសចំនួន ៣លើកមកហើយ នៅពេលដែលប្រធានាធិបតី Emmanuel Macron ធ្លាប់បានលើកឡើងថា ការបិទនេះអាចនឹងបញ្ចប់នៅខែឧសភាខាងមុខ។
សហព័ន្ធ FFT បានលើកឡើងថា «ការសម្រេចនេះដែរ ជាគំនិតដ៏ល្អមួយ» គ្រាដែលការប្រកួតពានរង្វាន់កម្រិត Grand Slam មួយនេះ កីឡាករដែលឈ្នះពានបានច្រើនជាងគេនោះគឺ Rafael Nadal របស់អេស្ប៉ាញមានរហូតដល់ទៅ ១៣លើកឯណោះ៕