(អាមេរិក)៖ កាលពីដើមឆ្នាំ២០២១នេះ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា បណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងបង្កើតកម្មវិធីថ្មីមួយដែលមានលក្ខណៈដូចគ្នាទៅនឹង Clubhouse ដោយឡែកនៅពេលនេះ ការពិតបានបង្ហាញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន TechCrurch នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា Facebook ទើបតែប្រកាសបង្ហាញកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Hotline» ដែលស្រដៀងគ្នាទៅនឹង Clubhouse។
បើតាមការបញ្ជាក់ កម្មវិធី «Hotline» មានលក្ខណៈស្រដៀងគ្នាទៅនឹង Clubhouse រួមនឹង Spaces របស់ Twitter ប៉ុន្តែក៏មានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់វាផងដែរ។
អ្វីដែលជាចំណុចពិសេសនោះគឺ កម្មវិធី Hotline គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចូលជាវីដេអូបាន ជាលក្ខណៈក្រុម ពោលគឺក្រុមដែលបានបង្កើតក្រោមប្រធានបទនីមួយៗ ហើយអ្នកដែលនៅក្នុងក្រុមអាចចូលរួមក្នុងវីដេអូខលបាន។
កម្មវិធី Hotline ក៏បានបន្ថែមមុខងារថ្មីមួយទៀតគឺធ្វើការថត (record) រាល់ការសន្ទនា និងរក្សាទុកនៅក្នុងគណនីនីមួយៗ ៕