(ភ្នំពេញ)៖ ទីបំផុត ប្រទេសកម្ពុជានឹងបញ្ចូនបេក្ខនារីតំណាងជាតិ គឺកញ្ញា រ៉េត សារីតា ដើម្បីទៅប្រឡងប្រជែងក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាឡ ឬ «Miss Universe» នៅអាមេរិក នៅអំឡុងដើមខែឧសភាខាងមុខនេះ ដោយបានជ្រើសរើសឈុតតំណាងជាតិឈ្មោះ «ទេពរួបរួម» និងការបង្ហាញទេពកោសល្យក្បាច់គុនល្បុក្កតោខ្មែរ បង្ហាញនៅលើឆាកអន្តរជាតិ។

លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធី «Miss Universe» នៅកម្ពុជាបានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា សម្រាប់បេក្ខនារីដែលនឹងជ្រើសរើស គឺ កញ្ញារ៉េត សារីតា ក្នុងនោះឈុតតំណាងជាតិ គឺមានឈ្មោះថា «ទេពរួបរួម» ដោយក្រុមការងារកំពុងតែធ្វើការរៀបចំ យ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់។

លោកបន្តថា ឈុត «ទេពរួបរួម» មានអត្ថន័យបង្ហាញពីជំនឿ សាសនាពីឥណ្ឌាចូលមកប្រទេសខ្មែរ ប្រជាជនខ្មែរមានជំនឿ និងការគោរព លើដួងព្រលឹង បុព្វបុរស អារ័ក្សអ្នកតា និងធម្មជាតិជាដើម។ ប៉ុន្ដែក្រោយមកព្រហ្មញ្ញសាសនា ក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរយ៉ាងខ្លាំង និងមានការគោរពប្រតិបត្តិយ៉ាងច្រើន ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម ហើយមួយផ្នែកទៀត មានជំនឿលើព្រះសិវៈនិយម។

លោកបន្តថា ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនា ដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិ តំណាងវិស្ណុ ហរៈ តំណាងសិវៈ)។ ហេតុនេះហើយទើបគណៈគ្រប់គ្រងកម្មវិធី បានពិភាក្សាគ្នាដើម្បីពាំនាំឈុតមួយនេះ ទៅកាន់ឆាកអន្តរជាតិ ក្នុងអត្ថន័យឲ្យស្វែងយល់ពីអរីយធម៌ខ្មែរ ដ៏យូរលង់ណាស់មកហើយ។

លោកបានបន្ថែមថា ទោះបីជាស្ថិតក្នុងសម័យកាលកូវីដ-១៩ កំពុងវាយលុកក្តី តែកម្ពុជានៅតែបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងតាមការកំណត់ដដែល ហើយយើងសង្ឃឹមថា បេក្ខនារីរបស់កម្ពុជា កញ្ញា រ៉េត សារីតា នឹងអាចឈានដល់វគ្គ Top10 ប៉ុន្តែការទទួលបានជ័យលាភី «Miss Universe» គឺលោកមិនទាន់ហ៊ានរំពឹងនោះទេ ពោលគឺអាស្រ័យទៅលើការគាំទ្ររបស់បងប្អូនខ្មែរទាំងអស់គ្នា។

សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូប ដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញ គឺនាងមានការចេះដឹងច្រើន ព្រោះក្រៅពីអាចនិយាយភាសាខ្មែរបានល្អហើយនោះ នាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ។ រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើក រួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការងារសិល្បៈដោយមិនរុញរា រហូត បានក្លាយជាតារាសម្តែង និងជាពិធីការិនីមានទេពកោសល្យ ប្រកបដោយភាពបត់បែនខ្ពស់ផងដែរ៕