(ភ្នំពេញ)៖ នាចុងសតវត្សទី២០ និងដើមសតវត្សទី២១ តារាចម្រៀងដែលលេចធ្លោ ក្នុងអារម្មណ៍មហាជននោះ គឺគ្រួសារត្រកូលឆោម ក្នុងនោះមានអ្នកស្រី ឆោម ឆវិន, លោក ឆោម ប៊ុន យ៉ុង, កញ្ញា ឆោម និមល និងកញ្ញា ឆោម ឆពុំ (បច្ចុប្បន្ន អ្នកស្រី ឆោម ឆពុំ ជាភិយា តារាសម្រៀង អ៊ុក ណារីម)។ ពេលនេះ Fresh News Plus សូមនាំលោកអ្នកអានស្វែងយល់ពីដំណើរជីវិត តារាចម្រៀងមួយរូបក្នុងគ្រួសារត្រកូលឆោម គឺអ្នកនាង «ឆោម និមល» ដែលបានទៅរស់នៅទឹកដីសំបូរ «ដុល្លារ» ថាតើក្រោយពីចាកចេញ ទៅរស់នៅទីនោះនៅសល់ទ្រព្យសម្បត្តិអ្វីខ្លះ និងរបៀបរស់នៅយ៉ាងណា?

* អំពីប្រវត្តិសង្ខេបជីវិតគ្រួសារ និងការសិក្សា៖
ឆោម និមល កើតនៅឆ្នាំ១៩៨០ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ឆោម ឆន ជាអ្នកចម្រៀងអាយ៉ៃ និងម្ដាយឈ្មោះ អ៊ូច សារិន ជាអ្នកចម្រៀងអាយ៉ៃដូចគ្នា ហើយនាងមានបងប្អូនចំនួន៥នាក់ ប្រុស២ ស្រី៣ ដោយរូបនាងជាកូនពៅ ក្នុងនោះមានបងស្រីប្រុសពីរនាក់ ជាតារាចម្រៀងដែលទទួលស្គាល់ពីមហាជនថា មានទឹកដមសំឡេងពីរោះ គឺអ្នកស្រី ឆោម ឆវិន និងបងប្រុស ឆោម ប៊ុនយ៉ុង តែពេលនេះ លោក ឆោម ប៊ុនយ៉ុង បានសាងព្រះភ្នួស នៅវត្តមួយនៅក្រុងភ្នំពេញជាយូរឆ្នាំមកហើយ។ ក្នុងវ័យកុមារភាព កុមារី ឆោម និមល គ្រប់អាយុសិក្សា បានចូលសិក្សាសាលាចំណេះទូទៅនៅឯស្រុកកំណើត រហូតដល់ពេញវ័យ។

បច្ចុប្បន្ន អ្នកនាង ឆោម និមល រស់នៅសហរដ្ឋអាមេរិក នៅទីក្រុង Los Angeles រដ្ឋ California។ ក្រោយពេលចាកចេញទៅរស់នៅទីនោះ២០ឆ្នាំហើយ (តាំងពីឆ្នាំ ២០០០) សព្វថ្ងៃ អ្នកនាងរស់នៅយ៉ាងមានសុភមង្គលជាមួយអនាគតស្វាមី ជាជនបរទេស។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ៖
យើងនៅចាំបានថាកាលពីឆ្នាំ១៩៩៧ ក្នុងកម្មវិធីប្រឡងចម្រៀងដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍អប្សរា ក្រោយពេលប្រកាសជ័យលាភី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចាប់អារម្មណ៍ថា​ «ជ័យលាភី​លើកនេះសុទ្ធជាត្រកូលឆោម » នោះគឺមានលោកឆោម ប៊ុនយ៉ុង និងកញ្ញា ឆោម និមល នេះឯដែលបានជាប់ជយលាភីលេខ១កម្មវិធីទាំងពីរនាក់បងប្អូនក្នុងកម្មវិធី «ពានរង្វាន់អប្សរា» ហើយបានទទួលបានពានរង្វាន់ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ នេះជាចំណុចចាប់ផ្តើមនៃជីវិតសិល្បៈបន្តវេនពីបងស្រី ឆោម ឆវិល និងបន្តមរតកពីលោកឪពុក និងអ្នកម្តាយ ដែលមានឈាមជ័រជាអ្នកសិល្បៈ ។

ក្រោយពីទទួលបានជ័យលាភីនាពេលនោះ មានផលិតកម្មជាច្រើនដូចជា ផលិតកម្មឆ្លងដែន ផលិតកម្មអង្គរវត្ត ផលិតកម្មនាគរាជ ផលិតកម្ម SK ផលិតកម្មសាយ័ន្តតារា និងផលិតកម្មជាច្រើនទៀត បានទាក់ទងឲ្យចូលច្រៀង ហើយស្នាដៃដែលល្បីដំបូង ធ្វើឲ្យមហាជនស្គាល់រហូតមកដល់សព្វថ្ងៃ គឺដោយសារបទ «ថ្ងៃមង្គលយើង» និង បទ « ភ័ព្វសំណាង » ដែលបានច្រៀងឆ្លងឆ្លើយជាមួយនឹងលោក ឆោម ប៊ុនយ៉ុង ជាបងប្រុសបង្កើតក្នុងផលិតកម្មឆ្លងដែន។ បន្តបន្ទាប់មក ឆោម និមល ក៏បានឈរជើងយ៉ាងរឹងមាំក្នុងវិស័យចម្រៀងសម័យនាសម័យកាលនោះ ហើយគេតែងតែឃើញមានរូបនាង នៅលើគំរបថាសចម្រៀង (CD) ស្ទើរគ្រប់ផលិតកម្មតែម្តង។

ភាពល្បីល្បាញនេះមិនយូរប៉ុន្មាន កញ្ញា ឆោម និមល (នាពេលនោះ) ត្រូវបានអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សព្វព្រះទ័យជ្រើសរើសឲ្យសម្តែង ក្នុងខ្សែភាពយន្តមួយមាន ចំណងជើង ថា «ជ្រើសរើសភរិយាឲ្យសមហេតុសមផល» ខណៈតួប្រុសសម្ដែងដោយលោក យុត្ថារ៉ា ឆានី ក្រោមព្រះរាជកិច្ចដឹកនាំរឿងផ្ទាល់ដោយស្នាព្រះហស្ថនៃអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ចាប់ពីពេលនោះមករហូតមកដល់ឆ្នាំ២០០០ ទើបត្រូវបានសមាគមខ្មែរនៅសហរដ្ឋអាមេរិក ចាប់អារម្មណ៍នឹងសំនៀង របស់កញ្ញា ហើយក៏បានអញ្ជើញឲ្យទៅច្រៀងនៅទីនោះ។

មកដល់ពេលនេះរយះពេល ២០ឆ្នាំ ដែលតារាចម្រៀង ឆោម និមល បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក នាងមានសា្នដៃសិល្បៈជាច្រើន តាមរយៈការប្រគំតន្រ្តី ដោយនាងបានយកចម្រៀងខ្មែរទៅបង្ហាញ នៅលើឆាកអន្តរជាតិ តាមរយៈក្រុម ដន្រ្តី Denguefevermusic បានចេញសម្ដែងតាមបណ្ដាប្រទេសនានាក្នុងទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងសហភាពសូវៀតផងដែរ។ តាមរយៈក្រុមតន្រ្តីនេះ នាងបានច្រៀងជាភាសាខ្មែរ ធ្វើឲ្យបណ្ដាប្រទេសទាំងអស់នោះ បានស្គាល់ខ្មែរកាន់តែច្បាស់ បើទោះបីជាក្រុមរបស់នាង មានសមាជិកជាជនបរទេស ប៉ុន្តែពួកគេអាចលេងភ្លេងជាបទចម្រៀងខ្មែរបានយ៉ាងល្អ ដែលជាការផ្សព្វផ្សាយចម្រៀងជាភាសាខ្មែរ បានច្រើនប្រទេសនៅលើសកលលោក។ សកម្មភាពទាំងនេះហើយដែលធ្វើឲ្យ ឆោម និមល មិនសូវមានពេលបង្ហាញក្នុងការផលិតបទចម្រៀងថ្មី ឬអាល់ប៊ុមចម្រៀងថ្មី សម្រាប់អ្នកស្តាប់ ។

* អំពីជីវិតស្នេហា៖
និយាយពីរឿងស្នេហាវិញ តាមការ ឲ្យដឹងពីរូបនាងផ្ទាល់ កាលពីនៅក្មេងៗនាងបានជួបនូវស្នេហាក្លែងក្លាយ ដែលជាស្នេហាមិនប្រាកដ លេងសើច ឬថាជាស្នេហាបោកប្រាស តែនាងមិនបានបង្ហាញឲ្យស៊ីជំរៅទេ។ ដោយឡែកពេលបច្ចុប្បន្ននេះ នាងមានស្នេហាពិតប្រាកដហើយ ដោយមានគូដណ្តឹង (ជាអនាគតស្វាមី) ជាជនជាបរទេស និងបានរស់នៅជាមួយគ្នាជិត១០មកហើយ (គ្មានកូនទេ) និងរស់នៅប្រកបដោយភាពល្អូកល្អិនរីករាយ និងសុភមង្គល។
ការចាប់កំណើតមានស្នេហានេះ គឺកើតឡើង ដោយគូដណ្តឹងសុំនាងរៀបការ នៅពេលនាងកំពុងសម្តែងលើឆាក និងបំពាក់ចិញ្ចៀនឲ្យនាងតែម្តង។ បន្ទាប់ពីភ្ជាប់ពាក្យរួចអ្នកនាង និមល បាននាំគូដណ្តឹងមករៀបការនៅស្រុកខ្មែរ និងបានមកលេងស្រុកកំណើតផងដែរ នាមុនពេលមានជំងឺកូវីដ១៩ រាតត្បាត។

តាមរយៈការឆ្លើយសារពីទីកន្លែងនាងរស់នៅ បានឲ្យ Fresh News Plus ដឹងបានថា «នាងខ្ញុំមិនរំលងប្រពៃណីខ្មែរទេ ខ្ញុំនឹងនាំគាត់មកកម្ពុជា រៀបការពេញមុខចាស់ទុំ និងត្រូវតាមច្បាប់តម្រាខ្មែរ។ អនាគតស្វាមីខ្ញុំគាត់មានជំនាញ ជាអ្នកឌីហ្សាញមានអាយុបងនាងខ្ញុំ១ឆ្នាំ ជាជនជាតិអាគាំង។ ចង់ឲ្យបងប្អូនខ្មែរ ដឹងថា ឆោម និមល មិនរំលងឬភ្លេចប្រពៃណីជាតិឡើយ ពិសេសនាងខ្ញុំ ចង់គ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាទិសដៅ និងបំណងធំ ដោយស្រឡាញ់របស់ខ្មែរ និងចង់ឲ្យម្តាយបងប្អូនទាំងអស់បានឃើញ។ ម្យ៉ាងទៀត បើការនៅស្រុកគេ គឺមានសាច់ញាតិតិចណាស់ ដូច្នេះត្រូវតែរៀបការនៅកម្ពុជា ដើម្បីបានមហាជនដឹង»។

* អំពីជំនួញក្រៅពីសិល្បៈ៖
ចំពោះសំណួរនេះ អ្នកនាង ឆោម និមល បានបញ្ជាក់តាមសារអេឡិចត្រូនិចមក Fresh News Plus ថា «ខ្ញុំមិនមានមុខរបបឬជំនួញអ្វីផ្សេងទេ គឺរស់ដោយសមត្ថភាព ហើយកម្លាំងញើសឈាមខ្លួនឯង មិនបានពឹងអ្នកណាឲ្យមកជួយខ្ញុំទេ គឺមានតែចម្រៀងមួយនេះ។ ចង់ប្រាប់ថា នាងខ្ញុំសប្បាយចិត្ត ដែលបានជួបបងប្អូនមិត្តភក្កិសុទ្ធតែមនុស្សល្អៗ ចូលមកក្នុងជិវិតរបស់នាងខ្ញុំ»

ងាកមកសម័យជំងឺកូវីដវាយលុកនេះវិញ បានធ្វើឲ្យក្រុមតន្រ្តីរបស់នាង មិនអាចចេញបទចម្រៀងថ្មីបាន ជាពិសេសគម្រោងចេញទៅសម្ដែងជាច្រើន តាមរយៈបណ្ដាប្រទេសនានានៅលើសកលលោក និងកម្មវិធីផ្សេង ក៏ត្រូវបានផ្អាកទាំងស្រុង ពោលគឺសម្រាកនៅតែក្នុងផ្ទះ មិនអាចចេញទៅណាបានឡើយ។ គម្រោងមកលេងនៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានផ្អាកទាំងស្រុងដែរ។ ជាមួយគ្នានេះ ក៏មានផលប៉ះពាល់ដល់ចំណូលគ្រួសារគួរសម ព្រោះតែក្នុងសម័យជំងឺកូវីដនេះ យើងគ្មានចំណូល តែមានចំណាយ ដូចនេះប្រាក់ដែលយើងសន្សំបានកន្លងមក គឺត្រូវយកមកចំណាយទប់ទល់នៅពេលនេះទាំងអស់។

* ទ្រព្យសម្បត្តិ៖
បើនិយាយពីទ្រព្យសម្បត្តិ វិញ ឆោម និមល បញ្ជាក់ថា មិនមានសល់អ្វីធំដំទេ គឺមានឡានជិះផ្ទាល់ខ្លួន មានផ្ទះផ្ទាល់ខ្លួន មានគ្រឿងអលង្ការខ្លះ មានប្រាក់មួយចំនួននៅធនាគារ មានជីវភាពមធ្យមសមល្មម រស់នៅបានក្នុងសហរដ្ឋអាមេរិក។

* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត៖
ជាទម្លាប់ប្រចាំថ្ងៃ ឆោម និមល ចូលចិត្តហាត់ប្រាណ រាំហ្ស៊ូមបា និងធ្វើម្ហូបញ៉ាំខ្លួនឯងជាមួយនឹងស្រាបន្តិចបន្ទួច ជួនកាលមានមិត្តភក្តិដើម្បីជជែកគ្នា ហើយជួនកាលជួបជុំមនុស្សច្រើន។ ពេលចេញខាងក្រៅជួបមិត្តភភ្តិ នាងចូលចិត្តស្លៀកខោខូវប៊យ និងអាវយឺត ហើយពេលចេញដំណើរទៅក្រៅប្រទេស ក៏ចូលចិត្តភាពសាមញ្ញៗ។ មិននិយមគ្រឿងអលង្ការធំៗទេ ហើយតាមការកំណត់ របស់ក្រុមតន្រ្តី ត្រូវទៅហាត់ច្រៀងរាំ ២ដងក្នុង មួយសប្តាហ៍។ តែបើមិនមាន ការរាតត្បាតពីកូវីដទេ គឺចេញសម្តែងរៀងរាល់ចុងសប្តាហ៍ មានថ្ងៃសៅរ៍និងអាទិត្យ។ ប៉ុន្តែបើត្រូវចេញទៅក្រៅប្រទេស គឺត្រូវប្រើពេលយូរ ទៅតាមកម្មវិធីរបស់ម្ចាស់គំរោង៕