(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់សរុបចំនួន ៨៥០,០០០ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិនដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូងនៃឆ្នាំ២០២១។

ចំនួនទឹកប្រាក់ដែលបានផ្តល់ជូននៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន ៣០០,០០០ដុល្លារក្នុងខែមករា ២៣០,០០០ដុល្លារក្នុងខែកុម្ភៈ និង ៣២០,០០០ដុល្លារទៀត នៅក្នុងខែមីនា។

ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន ១៤នាក់ ដែលពួកគាត់មានទីលំនៅនៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។

ទឹកប្រាក់ដែលឈ្នះ មានចាប់ពី ១០,០០០ដុល្លារ រហូតទៅដល់ ៩០,០០០ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់ នៅក្នុងគ្រួសារក្នុងអំឡុងស្ថានភាពដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។

នាថ្ងៃទី២១ ខែមីនា អ្នកស្រី ឡុច ចាន់ស៉ីណា ដែលជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានក្លាយជាអ្នកមានសំណាងចុងក្រោយ ដែលបានឈ្នះនូវទឹកប្រាក់ចំនួន ៩ ម៉ឺនដុល្លារ។ គាត់បានឱ្យដឹងថា៖ «ខ្ញុំពិតជាមិនជឿសោះ នៅពេលដែលទទួលបានដំណឹងនេះ។ ខ្ញុំបានឈ្នះទឹកប្រាក់ដែលអាចជួយកែប្រែជីវិតបាននេះ នៅក្នុងអំឡុងស្ថានភាពដ៏ពិបាកតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»

ក្នុងនោះផងដែរ នាដើមខែមីនាកន្លងទៅថ្មីៗនេះ អ្នកនាង វ៉ែន ធីរ៉ាត់ ដែលជាពលរដ្ឋរស់នៅក្នុងខេត្តភ្នំពេញ បានឈ្នះប្រាក់រង្វាន់ចំនួន ៩ម៉ឺនដុល្លារ។ គាត់បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រន្ធត់ខ្លាំងណាស់ ព្រោះខ្ញុំមិនដែលនឹកស្មានថា ខ្លួនឯងអាចជាអ្នកឈ្នះបែបនេះសោះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ វានឹងអាចជួយជាប្រយោជន៍បានយ៉ាងច្រើនដល់គ្រួសារខ្ញុំជាក់ជាមិនខាន»

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា លោកមានក្តីសោមនស្សបំផុតដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវាសម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។

«ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្តក្នុងការជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់សហគមន៍វិញ ជាពិសេសនៅពេលដែលពួកគេកំពុងមានតម្រូវការខ្លាំងបំផុតតែម្តង»។ នេះបើតាមលោក វ៉ាត សុន។

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០,០០០ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ 10K ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន ៦ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN ហើយក៏ត្រូវបានចែករំលែកនៅលើប៉ុស្តិ៍យូធូបរបស់សែលកាតផងដែរ៕