(អាមេរិក)៖ លោក Mark Zuckerberg សហស្ថាបនិកនិងជានាយកប្រតិបត្តិបណ្ដាញសង្គមយក្ស Facebook ថ្មីៗនេះ ត្រូវបានគេប្រទេះឃើញថា លោកបានប្រើប្រាស់នូវកម្មវិធីជជែកកម្សាន្តដែលមានឈ្មោះថា Signal ដែលកម្មវិធីនេះត្រូវបានគេដឹងថាជាគូប្រកួតប្រជែងដ៏ធំរបស់ WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox Business នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Dave Walker អ្នកស្រាវជ្រាវ និងឯកទេសខាងបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញ បានរកឃើញថាលោក Mark Zuckerberg បានក្លាយជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងជាង ៥០០លាននាក់ នៃអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន ត្រូវបានដាក់លក់នៅលើទីផ្សារងងឹត។

ក្រោយពីបែកធ្លាយទិន្នន័យទាំងនេះ គេបានរកឃើញថា លោក Mark Zuckerberg ក៏បានប្រើប្រាស់កម្មវិធី Signal ដែលជាគូប្រជែងរបស់ WhatsApp ផងដែរ។

កាលពីចុងឆ្នាំ ២០២០ កម្មវិធី WhatsApp បានផ្លាស់ប្ដូរគោលការណ៍ថ្មី ដោយតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងបណ្ដាញសង្គម Facebook ដែលជាមេធំរបស់ខ្លួន ប៉ុន្តែគោលការណ៍ថ្មីនេះបានធ្វើឲ្យអ្នកប្រើប្រាស់មានភាពមិនពេញចិត្ត ព្រោះតែវាបានរំលោភទៅលើសិទ្ធិជាឯកជនភាព រហូតធ្វើឲ្យមានអ្នកប្រើប្រាស់មួយចំនួនធំបានផ្លាស់ប្ដូរទៅប្រើប្រាស់កម្មវិធី Telegram ឬក៏ Signal ជំនួសវិញ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះទិន្នន័យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប្រមាណជាង ៥០០លាននាក់ត្រូវបានក្រុម Hacker ដាក់ប្រកាសបង្ហាញជាសាធារណៈ ដោយនៅក្នុងនោះមានទាំងឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងទិន្នន័យមួយចំនួនទៀត។ ក្រោយពីការប្រកាសបង្ហាញរបស់ Hacker បណ្ដាញសង្គម Facebook បានប្រកាសថាវាគឺជាទិន្នន័យចាស់ដែលត្រូវបានក្រុម Hacker វាយប្រហារតាំងពីឆ្នាំ ២០១៩៕