(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលក្លិបនគរបាលជាតិ Booysen Shane ត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាតឲ្យចេញទៅផ្ទះហើយ ក្រោយសម្រាកព្យាបាលជិត ១សប្ដាហ៍។ ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំ និងសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ដែលជាក្លិបចាស់របស់កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូងរូបនេះ ក៏បានរួមគ្នាប្រមូលថវិកាបានចំនួន ២,៣៨៤ដុល្លារ សម្រាប់ឧបត្ថម្ភ និងជួយសម្រាលដល់ការព្យាបាលរបស់គេផងដែរ។

លោក សារ៉េត ស៊ីដន អ្នកចាត់ការក្លិបនគរបាលជាតិបានឲ្យដឹងថា «ដោយមានការតាមដានដោយចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ជួន ណារិន្ទ ប្រធានក្លិបនគរបាលជាតិ ពេលនេះក្រុមវេជ្ជបណ្ឌិតបានសម្រេចឲ្យ Booysen ចេញមកផ្ទះហើយ ប៉ុន្តែនៅតាមដាន និងប្រមូលកម្លាំងយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ប្រសិនស្ថានភាពកម្លាំងរបស់គាត់ធម្មតាវិញ គាត់អាចត្រទ្បប់មកចូលរួមហ្វឹកហាត់វិញជាធម្មតា»

ប៉ុន្ដែដើម្បីជួយសម្រួលដល់ការព្យាបាលរបស់អតីតកីឡាករខ្លួន ថ្នាក់ដឹកនាំ និងសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ក៏ធ្វើការប្រមូលថវិកាបានចំនួន ២,៣៨៤ដុល្លារ ឧបត្ថម្ភដល់ Booysen Shane ផងដែរ ក្នុងនោះមានថវិកាផ្ទាល់ខ្លួនរបស់ប្រធានក្លិបលោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន ១,០០០ដុល្លារ, លោក រិទ្ធ ឌីកា ៥០០ដុល្លារ ព្រមទាំងកីឡាករ និងបុគ្គលិកក្លិបព្រះខ័នរាជស្វាយរៀងចំនួន ៨៨៤ដុល្លារ។

សូមរំឮកថា Booysen ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមេសា ដោយសារជំងឺស្ទះសរសៃឈាម (គៀបសរសៃឈាមមួយ) តែក្រោយពេលក្រុមគ្រូពេទ្យសម្រួលចលនាឈាម បានធ្វើឲ្យសរសៃឈាមមានបញ្ហានោះ រត់ធម្មតាវិញ ដែលបង្កឲ្យស្ថានភាពជំងឺរបស់គេបានប្រសើរឡើង រហូតក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញកាលពីល្ងាចថ្ងៃទី០៧ ខែមេសាកន្លងទៅ៕