(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ FC Barcelona កីឡាករ Antoine Griezmann បានទទួលកូនទី៣ របស់ខ្លួន និងភរិយា ដោយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកូនទាំង៣ របស់លោកបានកើតនៅថ្ងៃដូចគ្នា គឺនៅថ្ងៃទី០ក៨ ខែមេសា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

ម្ចាស់ពានរង្វាន់ World Cup ជនជាតិបារាំងរូបនេះបានបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនថា ភរិយារបស់លោក,គឺ Erika Choperena, បានផ្តល់កំណើតកូនស្រីម្នាក់នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសាម្សិលមិញ ដែលនេះបានសំគាល់ឃើញថា ថ្ងៃកំណើតកូនទី៣ ដែលមានឈ្មោះថា Alba Griezmann គឺចំថ្ងៃដូចគ្នាទៅនឹងកូនបងៗរបស់ពួកគេដែរ ដែលកូនច្បងមានឈ្មោះថា Mia កើតនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ និងកូនទី២ Amaro កើតនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

វាគឺជារឿងចម្លែកណាស់ដែលបងប្អូនបង្កើត (Sibling) បានកើតនៅឆ្នាំផ្សេងៗពីគ្នា តែមានថ្ងៃកំណើតដូចគ្នាបែបនេះ។

គួររំលឹកផងថា កូនចំនួន ៥នាក់ របស់ប្តីប្រពន្ធជនជាតិអាមេរិក លោក Carolyn និងអ្នកស្រី Ralph Cummins ពួកគេទាំងអស់គឺបានកើតនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦៦ ដែលជាករណីចម្លែកមួយ ដែលកើតមានឡើងក្នុងចំណោម ១៧.៨ពាន់លានករណី៕