(ភ្នំពេញ)៖ ក្រុមហ៊ុនសាងសង់ចិន បានធ្វើការបញ្ជាទិញពីស (កៅស៊ូរត់) ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាអត្តពលកម្មអន្ដរជាតិ ដើម្បីក្រាលផ្លូវរត់កីឡាអត្តពលកម្មក្នុងកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្មីៗ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ទីលានអត្តពលកម្ម គឺជាផ្នែកសំខាន់មួយនៃកីឡដ្ឋានធំ ដែលគ្រោងរៀបចំនាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងបំពាក់កៅអី និងទីលានបាល់ទាត់ត្រូវបញ្ចប់។ ចំពោះពីសដែលត្រូវក្រាលទីលានអត្តពលកម្មនេះ ក៏ត្រូវបានភាគីចិន ធ្វើការបញ្ជាទិញរួចរាល់ផងដែរ ហើយគ្រោងនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ ដែលជាប្រភេទពីសដ៏ល្អ និងស្របតាមស្ដង់ដារ ដើម្បីបង្កភាពងាយស្រួលដល់ការហ្វឹកហាត់ និងការប្រកួតប្រភេទកីឡាអូឡាំពិកនេះ។

អគ្គលេខាធិការ CAMSOC ខាងលើបញ្ជាក់ថា «ក្រៅពីកៅអី និងស្មៅ គឺនៅសល់តែពីសអត្តពលកម្ម ឬផ្លូវរត់របស់កីឡាអត្តពលកម្ម ដែលត្រូវរៀបចំកម្រាលអត្ដពលកម្មតាមស្ដង់ដារអន្ដរជាតិ ហើយកម្រាលអត្តពលកម្មនេះតាមភាគីចិន គឺបានកម្មង់ពីបារាំង តាមស្ដង់ដាររបស់សហព័ន្ធកីឡាអត្តពលកម្មអន្ដរជាតិរួចហើយ ហើយកម្រាលនេះនឹងមកដល់កម្ពុជាឆាប់ៗនេះ ហើយនៅដើមខែឧសភា នឹងចាប់ផ្ដើមបំពាក់ ដោយប្រើពេលតែ ១សប្ដាហ៍ ទៅ ២សប្ដាហ៍នឹងត្រូវរៀបចំឲ្យចប់សព្វគ្រប់»

លោកបន្ដថា ជារួមដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនៅសេសសល់បាននឹងកំពុងដំណើរការយ៉ាងរលូន ហើយគ្រោងនឹងបញ្ចប់តាមផែនការនៅអំឡុងចុងខែឧសភា ឆ្នាំ២០២១។ ជាក់ស្ដែងការងារបំពាក់កៅអីមកទល់ពេលនេះ គឺសម្រេចបានជាង ៣ម៉ឺនកៅអីហើយ ក្នុងចំណោមកៅអីសរុប ៦ម៉ឺនកៅអី។ រីឯហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត អាងទឹកព័ទ្ធជុំវិញកីឡដ្ឋាន ផ្លូវជុំវិញកីឡដ្ឋានធំ ការតុបតែងសណ្ឋាគារក្នុងកីឡដ្ឋាន និងកន្លែង VIP ដែលបម្រើមុខងារបម្រើឲ្យការរៀបចំការប្រកួតជាច្រើនទៀត ក៏ដំណើរការជាបណ្ដើរៗ និងជិតរួចរាល់ដែរ៕