(បរទេស)៖ ក្រុមហ៊ុន Netflix បានប្រកាសឲ្យដឹងថា ខ្លួនបានទិញអាជ្ញាប័ណ្ណពីផលិតកម្ម Sony Pictures ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តល្បីៗដូចជារឿង «Spider-Man» និងរឿងផ្សេងៗឡើងវិញ នៅលើសេវាកម្ម Streaming របស់ខ្លួន ដើម្បីឲ្យទស្សនិកជននៅសហរដ្ឋអាមេរិកអាចចូលទស្សនាបាន ត្បិតមនុស្សភាគច្រើនងាកទៅទស្សនាតាមសេវាកម្ម Streaming តាមប្រព័ន្ធអនឡាញវិញ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ខ្សែភាពយន្តដែលក្រុមហ៊ុន Neflix បានទិញអាជ្ញាប័ណ្ណចាក់បញ្ចាំងបន្តពី Sony Pictures គឺសុទ្ធតែរឿងធ្លាប់ចាក់នៅរោងកុនរួចហើយ ដូច្នេះដើម្បីឲ្យអតិថិជនរបស់ខ្លួន ដែលចង់ទស្សនារឿងទាំងនោះឡើងវិញ ដោយមិនចាំបាច់ទៅរោងកុនដោយផ្ទាល់ ក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ គឺទស្សនិកជនអាចចូលទៅទស្សនាតាមរយៈ Netflix ពីគេហដ្ឋានរបស់ពួកគេបាន។ ចំណុចនេះត្រូវបានគេមើលឃើញថា ជាការចាប់យកឱកាស សម្រាប់អតិថិជនរបស់ Netflix ដែលមិនចាំបាច់ប្រថុយទៅមើលដោយផ្ទាល់ តាមរោងកុន ដោយគ្រាន់តែចូលទស្សនាតាម Netflix ជាការស្រេច ហើយវាក៏ជាឱកាសដ៏ល្អមួយទៀតដែរ ចំពោះ Netflix ក្នុងការ រកចំណូលបន្ថែម ពីការចាក់បញ្ចាំងនេះ។

ទោះជាបែបនេះ ក្តី ក្រុមហ៊ុន Netflix បានឲ្យដឹងថា ភាពយន្តដែលខ្លួនទទួលអាជ្ញាប័ណ្ណចាក់ផ្សាយបន្តពី Sony Pictures គឺអាចទស្សនាបាន សម្រាប់តែអតិថិជនរបស់ខ្លួននៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរជម្រាបថា ដោយសារជំងឺរាតត្បាតសាកលកូវីដ-១៩ ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ដូចជា Netflix និង Amaxon Prime ជាដើមនោះ ត្រូវបានគេមើលឃើញថា ទទួលបានប្រាក់ចំណូលគឺមានការកើនឡើងផងដែរ ត្បិតមនុស្សភាគច្រើនងាកទៅទស្សនាភាពយន្តតាមសេវាកម្ម Streaming លើអនឡាញ ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឲ្យពួកគេមិនអាចទៅទស្សនាភាពយន្តដោយផ្ទាល់ក្នុងរោងភាពយន្ត៕