(ភ្នំពេញ)៖ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតនានាក្នុងឆ្នាំ២០២១ ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានបង្ខំចិត្តធ្វើការហ្វឹកហាត់តាម Online នៅតាមផ្ទះ និងកន្លែងសុវត្ថិភាពរៀងៗខ្លួនអំឡុងវិបត្តិកូវីដ-១៩ ដែលកំពុងមានការរីករាលដាលខ្លាំងក្នុងសហគមន៍នាបច្ចុប្បន្ន។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមកីឡារាំជម្រើសជាតិកម្ពុជា មិនទាន់ធ្វើការប្រមូលផ្ដុំនោះទេ ដោយសារបញ្ហាកូវីដ-១៩។ ប៉ុន្ដែសហព័ន្ធបានបែងចែកកម្មវិធីហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនីផង និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះផង។

ប៉ុន្ដែការហ្វឹកហាត់តាមរយៈវីដេអូ ឬតាម Online នេះ លោកស្រីថា មិនងាយស្រួលនោះទេ ពិសេសការត្រួតពិនិត្យបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗដែលបង្កផលលំបាកដល់ក្រុមការងារគ្រូ។ តែយ៉ាងណាសហព័ន្ធនៅតែអត់ធ្មត់ និងជំរុញការអនុវត្តបែបនេះជាបណ្ដោះអាសន្នសិន រហូតដល់ស្ថានភាពល្អប្រសើរ ទើបសហព័ន្ធរៀបចំកម្មវិធីហ្វឹកហាត់ថ្មីតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ម្យ៉ាងក្រោយស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ធូរស្រាល សហព័ន្ធក៏មានផែនការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅចិន ដើម្បីពង្រឹងសមត្ថភាពពួកគេត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ហង់ ស៊ីមន៕