(អាមេរិក)៖ កម្មវិធីជជែកកម្សាន្តជាសំឡេង Clubhouse បានល្បីឈ្មោះឡើងក្រោយពេលដែលលោក Elon Musk លើកយកមកពិភាក្សា រហូតផ្ទុះអ្នកប្រើប្រាស់ ជាពិសេសមកអ្នកប្រើមកពីប្រទេសចិន។ ដោយឡែកនៅពេលនេះ ធ្លាយព័ត៌មានមានបណ្ដាញសង្គមយក្សមួយចង់ទិញយក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Twitter បានជួបពិភាក្សាយ៉ាងស្ងាត់ៗជាមួយ Clubhouse ក្នុងគោលដៅចង់ទិញយកតាមលក្ខណ:ណាមួយដែលអាចទៅរួច។
ប្រភពដែលជិតស្និទ្ធបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Twitter បានផ្ដល់តម្លៃ ៤ពាន់លានដុល្លារ ក្នុងការទិញយកក្រុមហ៊ុន Clubhouse ខណៈដែលនៅពេលនេះ Clubhouse កំពុងតែពង្រីកនូវមុខងារបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ពាក់ព័ន្ធព័ត៌មាននេះ មិនទាន់មានប្រតិកម្ម ឬការឆ្លើយតបណាមួយពីខាងក្រុមហ៊ុនទាំងពីរខាងលើនោះទេ។
គួរបញ្ជាក់ផងដែរថា Twitter បាននិងកំពុងតែសាកល្បងទៅលើមុខងារ Audio Chat ប៉ុន្តែគេមិនបានដឹងថា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលណានោះទេ ខណៈដែល Facebook បានប្រកាសបង្ហាញកម្មវិធី Hotline ដែលដូចគ្នាទៅនឹង Clubhouse៕