(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៥០០កេស ជូនដល់មន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មណ្ឌលសុខភាពឃ្មួញ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មណ្ឌលសុខភាពពញាពន់ និងមណ្ឌលសុខភាពព្រែកឯង។
គិតមកដល់ពេលនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនគ្រប់មន្ទីរពេទ្យទាំង១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលកំណត់ជាកន្លែងផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់មនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅ សរុបចំនួន ១៣០០ កេស។ ក្រុមហ៊ុន នឹងបរិច្ចាគដល់ស្ថាប័ននានាបន្តទៀតនាពេលខាងមុខ។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ការបរិច្ចាគនេះ គឺធ្វើឡើងក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជូនដល់ស្ថាប័នសុខាភិបាល និងនគរបាល ដើម្បីចូលរួមសម្រួលដល់ការលំបាក និងផ្តល់ជាកម្លាំងចិត្តដល់ពួកគាត់ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
វេជ្ជបណ្ឌិត ប៉ាវ ដារា ប្រធានមណ្ឌលសុខភាពឃ្មួញ បានថ្លែងថា៖ «ការងារកំពុងតែមានភាពមមាញឹក និងនឿយហត់ខ្លាំង។ ការឧបត្ថម្ភបែបនេះ គឺចាំបាច់បំផុតសម្រាប់មណ្ឌលសុខភាពយើង និងចាស់ៗដែលមកចាក់វ៉ាក់សាំង ព្រោះពួកគាត់មានសុខភាពទ្រុឌទ្រោម ដែលត្រូវការពិសាទឹកជាប្រចាំ ពិសេសក្នុងអាកាសធាតុក្តៅបែបនេះ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕