(ភ្នំពេញ)៖ ការជួយកុមារក្រីក្រ ក្នុងសហគមន៍ឲ្យទទួលបានឱកាសរៀនសូត្រ គឺជាអំពើល្អដែលជួយឲ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក យុទ្ធ បានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកត្រូវបានគេជ្រើសរើសជាជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
បុរសដែលជាមន្ត្រីសម្របសម្រួលប្រចាំសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការមួយក្នុងខេត្តក្រចេះរូបនេះ បានផ្តល់ការសិក្សាដល់សិស្សក្រីក្រ និងកុមារផ្សេងទៀតនៅក្នុងសហគមន៍របស់លោកដោយឥតគិតថ្លៃ។
គំនិតជួយកុមារនេះបានកើតមានឡើងបន្ទាប់ពី លោកបានទៅទស្សនាកោះទ្រង់ ដែលជាកោះអេកូទេសចរណ៍សំបូរដោយភ្ញៀវទេសចរបរទេស ស្ថិតនៅត្រើយម្ខាងនៃក្រុងក្រចេះ។ នៅពេលនោះ លោកសង្កេតឃើញថា ទាំងកុមារ និងមនុស្សចាស់នៅលើកោះនោះអាចប្រើប្រាស់ភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា «ខ្ញុំគិតថាប្រសិនបើបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ វាធ្វើឲ្យតំបន់នោះក្លាយជារឿងដែលល្អនៅថ្ងៃក្រោយសម្រាប់ពលរដ្ឋដែលរស់នៅទីនោះ
ដូច្នេះក្នុងខែមករា ឆ្នាំ២០១៦ លោកបានសហការជាមួយសាលាបឋមសិក្សារដ្ឋមួយនៅលើកោះនោះ ដើម្បីបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់កុមារប្រហែល ៧០នាក់ ដោយមានជំនួយស្ម័គ្រចិត្តពីគ្រូបរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះមិនមានភាពរលូន ការបង្រៀននេះបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល»។
ក្រោយមកក្នុងខែដដែលនោះ លោកបានសម្រេចចិត្តបានដំណើរការសាលារៀនមួយឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោកក៏បានបន្ថែមមុខវិជ្ជាកុំព្យូទ័រថ្នាក់មូលដ្ឋាន និងបណ្ណាល័យថែមទៀតផង។
លោកបញ្ជាក់ថា «ខ្ញុំសម្រេចបង្កើតសាលានេះ ដើម្បីឲ្យក្មេងនៅទីរួមខេត្តនេះទទួលបានការអប់រំ ជាពិសេសទៅទៀត ភាសាអង់គ្លេសរបស់ពួកគាត់នៅបឋមសិក្សា រៀនបានតិចតួចនៅឡើយ អញ្ចឹងនៅពេលពួកគេឡើងថ្នាក់ទី៧ មានការលំបាកណាស់ផ្នែកភាសាអងគ្លេសហ្នឹង»។
លោកបញ្ជាក់ទៀតថា ការបង្កើតសាលារៀននេះទទួលបានជោគជ័យដោយចាប់ផ្តើមពីសិស្ស ៥នាក់រហូតដល់ជាង ១០០នាក់នៅសាខាទី១ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។ សាលារបស់លោកក៏មានសាខាមួយទៀតផងដែរ ស្ថិតនៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីសាខាទី១ ហើយនៅសាខានេះ មានសិស្សប្រហែលពី ៧០ទៅ ៨០នាក់។
លោកបន្តថា ជាអកុសលដោយសារការរាតត្បាតជំងឺកូវីដ សាលាទី២នេះបានបិទដំណើរការបណ្តោះអាសន្ន ហើយដោយសារខ្វះខាតគ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតាពួកគាត់មកស្នាក់នៅរយៈពេលវែងក្នុងទីក្រុងនេះក្រោយការចូលនិវត្តន៍ពីប្រទេសរបស់ពួកគាត់។
លោកបន្ថែមថា សព្វថ្ងៃសាលារបស់លោក យុទ្ធ មានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់គឺជាសិស្សពូកែប្រចាំសាលា ដែលបានស្ម័គ្រចិត្តជួយបង្រៀន ក្រោយទទួលបានចំណេះដឹងដែលអាចមានលទ្ធភាពបង្រៀនបាន។
លោក ហ៊ុន សុធា ជាគ្រូបង្រៀនបឋមសិក្សា និងភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលបញ្ជូនកូនរបស់ពួកគាត់ទៅសិក្សានៅសាលាដូលហ្វីន។
លោកថ្លែងថា «សាលានេះគឺជាសាលាដែលមានប្រយោជន៍ចំពោះកូនខ្ញុំច្រើន ទីមួយគ្រូសុទ្ធតែជាគ្រូល្អៗ មានចំណេះដឹង និងវិធីសាស្រ្តបង្រៀនគាត់ប្លែកៗ ហើយមួយទៀតនោះ គឺដោយសារស្ថានភាពគ្រួសារលុយកាក់មិនសូវមានច្រើន ទន្ទឹមនឹងសាលាល្អហើយ រៀនអត់អស់លុយទៀត»។
អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាងសំណង់ ដែលមានជីវិភាពមិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ ឲ្យទៅរៀនភាសាអង់គ្លេសនៅសាលាភាសាដូលហ្វីនរយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មានក្មួយ៥នាក់ទៀតរៀននៅសាលានេះផងដែរ។
អ្នកស្រីថ្លែងថា «បើរៀននៅសាលាឯកជន យើងអត់មានលទ្ធភាព អញ្ចឹងសាលារបស់គាត់បានផ្តល់ឲ្យកូនរៀនចេះដោយមិនយកលុយ ហើយសាលាហ្នឹងជួយច្រើន គាត់មិនរើសអើងចំពោះអ្នកអត់ ឬអ្នកមានទេ គាត់ទទួលយកទាំងអស់ឲ្យតែកូនចូលរៀន»។
ទាក់ទងនឹងថវិកាដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ លើកឡើងថា «លោកប្រើប្រាស់ប្រាក់ខែមួយចំណែក ដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាលពីសប្បុរសជនទាំងផ្នែកថវិកា និងសម្ភារបង្រៀន។ នៅស្រុកខ្មែរមានអ្នកចិត្តល្អជាច្រើន គេក៏អាចធ្វើដូចខ្ញុំអញ្ចឹងដែរ ខ្ញុំមិនមានថវិកាអីច្រើនទេ ប៉ុន្តែយើងព្យាយាមជួយសង្គមរបស់យើង សង្គមយើងតែងត្រូវការយើង អញ្ចឹងសូមឲ្យយើងជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលយើងមាន កុំគិតថា ចាំយើងមានចាំយើងជួយ»។
លោកបន្ថែមថា បើលោកមានឱកាសទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹកប្រាក់នេះ ដើម្បីកែលម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការសាលា ដើម្បីទទួលសិស្សបន្ថែមទៀត។ លោកក៏មានបំណងផ្តល់ការអប់រំជាភាសាខ្មែរផងដែរ បើលោកមានលទ្ធភាព។ ក្រៅពីការផ្តល់ការបង្រៀន ដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹក ដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផងដែរ ដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែក ឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។ ដើម្បីចូលមើលវីដេអូអំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj ៕