(ភ្នំពេញ)៖ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានលើកឡើងថា សហព័ន្ធរបស់ខ្លួនបានចូលរួមជំរុញយុទ្ធនាការប្រជាជនម្នាក់ លេងកីឡាមួយមុខជាយូរមកហើយ តាមរយៈការបង្កើតកម្មវិធីមួយ ដើម្បីបង្កើនការចូលរួម ស្របតាមផែនការមេរបស់សហព័ន្ធ ដែលបច្ចុប្បន្នត្រូវបានប្ដូរមកជាកម្មវិធី Academy Program។

លោកថា «ពាក់ព័ន្ធនឹងយុទ្ធនាការប្រជានជម្នាក់ លេងកីឡាមួយមុខនេះ ខាងសហព័ន្ធខ្ញុំមានកម្មវិធីមួយស្រដៀងគ្នា ដែលជាផ្នែកមួយ នៃផែនការមេរបស់យើង ទាក់ទងនឹងការបង្កើនការចូលរួម។ ការចូលរួមនេះ យើងសំដៅលើគ្រូបង្វឹក ក្លិប កីឡាករ និងអ្នកគាំទ្រ ហើយកម្មវិធីហ្នឹង យើងធ្វើជារៀងរាល់ឆ្នាំ នៅតាមភូមិភាគដែលខ្ញុំទើបកែក្នុងឆ្នាំនេះមកជាកម្មវិធី Academy Program វិញ»។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា កម្មវិធីនេះសហព័ន្ធបានយកគោលការណ៍ និងទ្រឹស្ដីមួយចំនួនរបស់នាយកដ្ឋានអប់រំកាយ និងកីឡា និងអ្វីដែលបាល់ទាត់ធ្លាប់ធ្វើដូចជាការបែងចែកជា ៥ភូមិភាគជាដើម ពោលគឺក្នុងឆ្នាំនីមួយៗ សហព័ន្ធបានជ្រើសរើសខេត្ត ឬភូមិភាគមួយ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូអប់រំកាយ ក្នុងការជំរុញការចែករំលែកចំណេះដឹងដល់កីឡាករ-កីឡាការិនីតាមក្លិប ឬសាលាបន្ដ។

ស្របពេលជាមួយគ្នា សហព័ន្ធក៏បានរៀបចំការប្រកួតជ្រើសរើសជើងឯកយុវជនប្រចាំឆ្នាំ ដើម្បីផ្សាភ្ជាប់ជាមួយកម្មវិធីខាងលើដែរ ដោយកីឡាករ-កីឡាការិនី ទទួលបានការបណ្ដុះបណ្ដាល និងហ្វឹកហាត់ ក្រោយកម្មវិធីបណ្ដុះបណ្ដាលប្រចាំឆ្នាំរបស់សហព័ន្ធ ពួកគេនឹងត្រូវបានផ្ដល់ឲ្យចូលរួមការប្រកួតនេះ ដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងវិស័យកីឡាគុនដាវនេះ។ លោក សុខ អាង បញ្ជាក់បន្ថែម។

តាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងអាចចូលរួមជំរុញយុទ្ធនាការប្រជាជនម្នាក់ លេងកីឡាមួយមុខ ពិសេសកីឡាគុនដាវផ្ទាល់តែម្ដង ស្របពេលផែនការយុទ្ធសាស្ដ្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ពិសេសអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ដ្រ៕