(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានធ្វើការផាកពិន័យក្រុមហ៊ុនអនឡាញយក្ស Alibaba នូវទឹកប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក បន្ទប់ ពី បើកការស៊ើបអង្កេតអស់ជាច្រើនខែ និងបានរកឃើញថា ក្រុមហ៊ុនមួយនេះបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការ ផ្ដាច់មុខទីផ្សារ ទំនិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

និយតករចិនបានអនុវត្តច្បាប់ផ្ដាច់មុខ និងបានបើកការធ្វើការសង្កេតលើក្រុមហ៊ុន Alibaba កាលពីខែធ្នូ ឆ្នាំ២០២០ ដោយផ្ដោត សំខាន់ការសង្កេតនេះគឺរកឱ្យឃើញនូវការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន (Alibaba) ក្នុងការបង្ខំឱ្យ ឈ្មួញ ជ្រើសរើសបានតែ ក្នុងជម្រើសពីរ។ វាមានន័យថា ឈ្មួញមិនអាចលក់ផលិតផល ទំនិញ ឬសេវាកម្មរបស់ខ្លូនទៅឱ្យក្រុមហ៊ុនដទៃឡើយ បើសិនជា សហការជាមួយនឹង Alibaba ពោលគឺគ្មានជម្រើសដែលអាចជ្រើសរើសបានទាំងពីរនោះទេ។ បើសិនជាជ្រើសរើសយក Alibaba គឺគ្មានក្រុមហ៊ុនផ្សេង តែបើជ្រើសរើសក្រុមហ៊ុនផ្សេងគឺគ្មាន Alibaba។

នៅក្នុងសេចក្ដីថ្លែងការរបស់និយតករចិនបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Alibaba គឺបានខុសទៅលើគោលការណ៍ច្បាប់ដែលបាន កំណត់ ដោយបានរំលោភលើ ច្បាប់ប្រកួតប្រជែង និងរារាំងអតិថិជន នៅក្នុងទីផ្សារលក់រាយតាមប្រព័ន្ធអនឡាញ ជាពិសេសគឺ បានរំលោភច្បាប់ អាជីវកម្ម របស់ឈ្មួញក្នុងការទទួលបានផលប្រយោជន៍ដែលខ្លួនមាន និងស្របច្បាប់។

នៅក្នុងសេចក្ដីថ្លែងការបានសង្កត់ធ្ងន់ថា «ជ្រើសរើសមួយ» ដែលជាគោលការណ៍កំណត់របស់ Alibaba គឺជាការរំលោភបំពាន លើ សិទ្ធិធ្វើអាជីវកម្មរបស់អតិថិជន និងបានប្រើប្រាស់ឥទ្ធពលដែលខ្លួនមាន មកបង្ខំឱ្យអតិថិជនមានជម្រើសរើសតែមួយ ដែលទង្វើនេះ វាផ្ទុយស្រឡះពីច្បាប់ប្រកួតប្រជែង និងគ្មានតម្លាភាព។

ការផាកពិន័យក្នុងទឹកប្រាក់ខាងលើនេះ ត្រូវបាននិយតករបញ្ជាក់ថា វាមានទំហំត្រឹមតែ ៤ភាគរយនៃប្រាក់ចំណូលរបស់ Alibaba កាលពីឆ្នាំ២០១៩ ប៉ុណ្ណោះ៕