(ភ្នំពេញ)៖ ក្រោយអូសបន្លាយជាយូរ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិហើយ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈសម្បត្ដិចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅប្រទេសឥណ្ឌា និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២១ នេះ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រមូលផ្ដុំក្រុមជម្រើសជាតិពេលនេះ គឺផ្ដោតបេសកកម្មសំខាន់ៗចំនួន២ ទី១-សហព័ន្ធកំពុងស្នើសុំសហព័ន្ធកីឡាប្រដាល់សកលអាស៊ី (ASBC) ដើម្បីបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី ដែលគ្រោងប្រកួតពីថ្ងៃទី២១-៣១ ខែឧសភាខាងមុខ នៅប្រទេសឥណ្ឌា និងទី២-ការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមចុងឆ្នាំនេះ។

ប៉ុន្ដែការប្រមូលផ្ដុំ ក្រោមបរិបទរីករាលដាលខ្លាំងជំងឺកូវីដ-១៩ សហព័ន្ធបានដាក់ចេញនូវវិធានការដ៏ម៉ឹងម៉ាត់ ដើម្បីធានាសុវត្ថិភាពក្នុងការហ្វឹកហាត់ និងការពារជំងឺដ៏កាចសាហាវនេះ ពោលគឺក្រៅពីកន្លែងហ្វឹកហាត់ កីឡាករ-កីឡាការិនី ត្រូវបានអនុញ្ញាតឲ្យតែទៅផ្ទះប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដើរហើរសេរី ឬទៅកន្លែងដែលមានហានិភ័យឡើយ។ ចំពោះកីឡាករ-កីឡាការិនីបំពានសេចក្ដីណែនាំ អាចប្រឈមនឹងការព្យួរបេក្ខភាព ឬដេកចេញពីសមាជិកក្រុមជម្រើសជាតិទៀតផង។

លោកថា «ចំពោះវិធានការហ្វឹកហាត់ អំឡុងវិបត្តិកូវីដ-១៩ នេះ គឺយើងរឹតបន្តឹងខ្លាំង ដោយយើងមិនអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីដើរហើរទៅកន្លែងផ្សេង ក្រៅពីកន្លែងហ្វឹកហាត់ និងផ្ទះរបស់ពួកគាត់នោះទេ តែបើសិនជាពួកគាត់មិនអនុវត្តតាម ឬគ្រូដឹងពីការដើរហើររបស់ពួកគាត់ យើងនឹងមានវិធានការតឹងរឹង ទី១-គឺណែនាំ ទី២-អាចផ្អាកការហ្វឹកហាត់ពួកគាត់មួយរយៈ និងតាមដានសុខភាពពួកគាត់ ដើម្បីចៀសវាងការជះឥទ្ធិពលដល់កីឡាករ-កីឡាការិនីផ្សេងៗ ទី៣-បើគាត់នៅតែរឹងទន្ទឹងមិនអនុវត្តតាមទៀត យើងនឹងមានវិធានការក្ដៅ អាចព្យួរ ឬដកពួកគាត់ចេញពីជម្រើសជាតិតែម្ដង»។

គួរបញ្ជាក់ថា កីឡាប្រដាល់សកល គឺប្រភេទកីឡាមួយ ក្នុងចំណោមកីឡាជាង ១០ប្រភេទ ដែលបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ នៅដើមខែមេសានេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានប្រជុំពិភាក្សាគ្នាកាលពីថ្មីៗក្នុងការត្រៀមបើកការប្រមូលផ្ដុំឡើងវិញ ក្រោមលក្ខខណ្ឌហ្វឹកហាត់បិទទ្វារ នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១៕