(ភ្នំពេញ)៖ ស្ត្រីជនជាតិអាមេរិក មកពីតំបន់ Houston មានឈ្មោះថា Ayanna Williams ដែលត្រូវបានគេដឹងថា ធ្លាប់បំបែកកំណត់ត្រា Guiness Word Record បានសម្រេចចិត្តកាត់ក្រចកលើដៃទាំងគូរបស់នាង បន្ទាប់ពីបានរក្សារទុកអស់រយៈពេលជិត៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

Ayanna Williams បានចាក់ទុកខ្លួនឯងថា ជាតារាក្រចកវែង ខណៈកាលពីឆ្នាំ២០១៧ នាងត្រូវបានផ្តល់រហ្សសនាមថាជា ស្ត្រីដែលមានក្រចកវែងជាងគេលើពិភពលោក និងទទួលបានកំណត់ត្រា Guiness Word Record ដែលកាលណោះក្រចករបស់នាងមានប្រវែងយ៉ាងតិច២០អ៉ីញ និងក្រចកដែលបានបំបែកកំណត់ត្រានោះ គឺមានប្រវែង២៦អ៉ីញ។

យោងតាម Guiness Word Record បានឲ្យដឹងថា Williams បានបំបែកកំណត់ត្រាចាស់របស់នាងកាលពីពេលថ្មីៗនេះ ជាមួយនឹងប្រវែងចក្រចកដែលវែងជាងមុន គឺច្រើនជាង 24 feet មុនពេលដែលសម្រេចចិត្តកាត់ក្រចកនៅពេលនេះ។

Williams ថានាងមិនកាត់ក្រចកតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយការសម្រេចិត្តកាត់ក្រចកនៅពេលនេះ គឺដោយសារនាងមានភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺការបោកកម្រាលពូក និងលាងចានជាដើម។ បន្ថែមពីនេះ នាងបានពឹងអ្នកជំនាញ ដើម្បីជួយកាត់ក្រចករបស់នាង ដោយប្រើឧបករណ៍អេឡិចត្រូនិក ខណៈក្រចកទាំងអស់ដែលបានកាត់ចេញនោះ ត្រូវបានគេដឹងថា មិនបានបោះបង់ចោលដូចក្រចកមនុស្សធម្មតាឡើយ ពោលគឺត្រូវបានយកទៅរក្សាទុក និងដាក់បង្ហាញនៅសារមន្ទីមួយកន្លែងក្នុងរដ្ឋផ្លរីដា៕