(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់អធិរាជស Real Madrid បានឡើងទៅគ្រប់គ្រងតំណែងកំពូលតារាង La Liga ជាបណ្តោះអាសន្នវិញ នៅពេលយកបាន ៣ពិន្ទុបន្ថែមពីគូប្រជែង FC Barcelona ក្នុងលទ្ធផល ២-១ នៃជំនួប El Clasico នារាត្រីថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

៣ពិន្ទុក្នុងដីនៃកីឡដ្ឋាន Alfredo Di Stefano បានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane រកបាន ៦៦ពិន្ទុស្មើក្រុមលេខ២ Atletico Madrid តែដោយសាររូបមន្ត head to head។

ខ្សែប្រយុទ្ធពាក់លេខ៩ Karim Bezema ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី១៣ ដែលធ្វើឲ្យកីឡាករអន្តរជាតិបារាំងរូបកើនគ្រាប់ស៊ុតបាន ២៥គ្រាប់ក្នុងរដូវកាលនេះ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Lucas Varquez នៅមុនពេលតែ ១៥នាទី ខ្សែបម្រើ Toni Kroos បានបន្ថែមគ្រាប់ទី២ ដើម្បីបើកការនាំមុខ ២គ្រាប់មុនដោយស្រួលនៅត្រឹមរយៈពេល ៤៥នាទីដំបូង ដូចដែលពួកគេធ្លាប់បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣-១ កាលពីជើងទី១ នៅទឹកដី Camp Nou។

យ៉ាងណាក៏ដោយ Jordi Alba បានបញ្ជូនបាល់ឲ្យ Mingueza ស៊ុតបញ្ចូលទីវាយបកបាន ១គ្រាប់ប៉ុណ្ណោះឲ្យ FC Barcelona នៅនាទី៦០ ដែលបន្តរហូតដល់នាទី៩០ និងការបាត់បង់ Casemiro របស់ក្រុមម្ចាស់ផ្ទះ Real Madrid ផងដែរ ដោយសារទទួលបានកាតលឿង ២ដង៕