(ភ្នំពេញ)៖ ការហាត់ប្រាណ ពិតជាមានសារៈប្រយោជន៍ណាស់ សម្រាប់សុខភាពប្រចាំថ្ងៃ ដើម្បីធ្វើឱ្យសរីរាង្គកាយយើងមានសុខភាពល្អរឹងមាំ។ ដូច្នេះ ការហាត់ប្រាណអ្វីក៏ដោយ ដើម្បីទទួលបានសុខភាពល្អ គឺហាត់ត្រឹមតែរយៈពេលកន្លះម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺមហារីក ជំងឺឈាម និងជំនាញរបបអាហារ នៅគ្លីនិកព្យាបាលជំងឺមហារីកចក្រា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ទៀតថា ដោយបច្ចុប្បន្ននេះពិភពលោក ក៏ដូចជាកម្ពុជាយើង កំពុងតែយាយីដោយជំងឺកូវីដ-១៩ ក្លឹបហាត់ប្រាណក៏ផ្អាកមួយរយៈ តែមិនមែនជាបញ្ហាចោទទេ គឺយើងអាចហាត់នៅផ្ទះដោយខ្លួនឯងបាន តាមរយៈការដើរ ឬរត់ (បើសម្រាប់អ្នកធាត់លើសគីឡូខ្លាំង ចាប់ពី៨០គីឡូឡើងទៅ ការដើរហាត់ប្រាណជាជម្រើសល្អ) និងអាចស្រាវជ្រាវវិធីហាត់ប្រាណផ្សេងៗទៀត តាមរយៈYoutube ជាដើម។

លោកវេជ្ជបណ្ឌិតបញ្ជក់ថា «ត្រូវចង់ចាំថា ការហត់ប្រាណអ្វីក៏ដោយ ដើម្បីសុខភាពល្អ ក្នុងមួយថ្ងៃ គឺហាត់ក្នុងរយៈពេលតែកន្លះម៉ោងគត់បានហើយ តែបើអ្នកចង់ហាត់លើសពីនេះ ក៏មិនអីដែរ តែត្រូវចេះថែទាំសុខភាព ក្រោយការហាត់ប្រាណផង បើមិនដូច្នេះទេ នឹងកើតជំងឺឈឺសន្លាក់។ លើសពីនោះ ការហាត់កីឡាដែលល្អជាគេ គឺនៅពេលល្ងាច ព្រោះបានជួយសម្រួលដល់ការដំណេករបស់យើងឱ្យ គេងលក់ស្រួល»

គ្រូពេទ្យឯកទេសរូបនេះ បានឱ្យដឹងទៀតថា តាមការស្រាវជ្រាវ គេបានប្រៀបធៀបថា បើយើងហាត់ប្រាណកន្លះម៉ោង និងហាត់រយៈពេល១ម៉ោង ផលប្រយោជន៍ជួយដល់សុខភាព គឺស្មើគ្នា តែផ្ទុយទៅវិញ បើយើងហាត់កាន់តែយូរ ហើយមិនដឹងពីរបបអាហារ ដើម្បីជួយទប់រាងកាយ បែរជាធ្វើឱ្យខូចសុខភាពទៅវិញ។ តាមស្ដង់ដារ គេកំណត់ក្នុងមួយសប្ដាហ៍ គឺហាត់រយៈពេល៣ម៉ោង នឹងទទួលបានសុខភាពល្អ ដូច្នេះកន្លះម៉ោងក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយ។

តាមគោលការណ៍ត្រូវគោរពច្បាប់មួយ មុននឹងហាត់ប្រាណ ត្រូវពិសាអាហារសម្រន់កន្លះម៉ោងមុន មានដូចជា៖ ចេកមួយផ្លែ ប៉ោមមួយផ្លែ ទឹកដោះគោ ឬទឹកសណ្ដែកមួយកែវ។ អាហារទាំងអស់នេះ នឹងទៅជួយជំនួយបំពេញថាមពលក្នុងខ្លួន ដូចចាក់សាំងឱ្យខ្លួនរបស់យើងដូច្នោះដែរ ព្រោះនៅពេលដែលយើងហាត់ប្រាណ ខ្លួនប្រាណយើងនឹងប្រើចំហេះ ហើយអាហារទាំងអស់នេះ នឹងជួយសម្រួលចំហេះទាំងនេះ។

ប្រសិនបើលោកអ្នក មិនហូបអាហារសម្រន់មុនទេ មានន័យថា យើងបានដកចំណីអាហារសេសសល់ក្នុងខ្លួនយើង យកមកប្រើប្រាស់ វានឹងធ្វើឱ្យខូចសន្លាក់ជង្គង់ ដោយសារតែជង្គង់របស់យើងស្ងួតនិងខូច ដែលបណ្ដាលឱ្យមានជំងឺ។ ដូចនេះហើយ បានជាការហត់ប្រាណត្រឹមត្រូវ មុននឹងក្រោយហាត់កន្លះម៉ោង ត្រូវពិសាអាហារសម្រន់ ព្រោះវាបានធ្វើឱ្យជង្គង់យើងដំណើរបានល្អ។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «តាមការសិក្សាគេបានបង្ហាញថា ការហាត់ប្រាណ មិនមែនដើម្បីបញ្ចុះទម្ងន់នោះទេ បើការហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ គឺនឹងធ្វើឱ្យយើងខូចសុខភាពហើយ ត្រូវចាំគោលការណ៍មួយ គឺហាត់ប្រាណដើម្បីសុខភាព។ ការចង់បញ្ចុះទម្ងន់ គឺការអនុវត្ដចំណីអាហារ មិនមែនតែការហាត់ប្រាណមួយមុខនោះទេ ព្រោះការហាត់ប្រាណមានតួនាទីតែមុខគត់ គឺការដុតចំហេះចំណី អាហារដែលនៅក្នុងខ្លួនយើងឱ្យបានល្អ ដើម្បីឱ្យសាច់ដុំដំណើរការបានល្អ ប៉ុន្ដែក៏មិនត្រូវហាត់ច្រើនម៉ោងលើសលុបដែរ»

*ឧទាហរណ៍ជាក់ស្ដែង កីឡាករបាល់ទាល់ល្បីៗលើពិភពលោក បានបញ្ឈប់ការទាត់របស់ខ្លួន មុនអាយុ៣៥ឆ្នាំ ព្រោះតាមការសិក្សាបានបញ្ជាក់ថា ប្រើប្រាស់កម្លាំងដល់កម្រិតកំពូលហើយ ត្រូវតែបញ្ឈប់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់សុខភាព៕