(ប៉េកាំង)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Xiamen Marathon ឆ្នាំ២០២១ បានចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ ជាមួយនឹងអ្នកចូលរួមរត់ប្រណាំង សរុប ១២,០០០នាក់ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១១ ខែមេសានេះ។

2021 Xiamen Marathon ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ត្រូវបានពន្យារពេលមកធ្វើឡើងនៅថ្ងៃទី១០ ខែមេសា បន្ទាប់ពីមានសារាចរចេញផ្សាយនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមប្រឹក្សារដ្ឋចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19។

ព្រឹត្តិការណ៍ធំធ្វើឡើងក្នុងស្រុកជាលើកដំបូង និងបានចាប់ផ្តើមក្នុងឆ្នាំ២០២១នេះ ការគ្រប់គ្រង និងការពារការរីករាលដាល នៅតែបន្តធ្វើឡើងជាអាទិភាព។

បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីបានឲ្យដឹងថា បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នករត់ប្រណាំង ត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគមុនពេលការប្រកួត។

អ្នករៀបចំកម្មវិធីបានអះអាងថា Xiamen Marathon បានដំណើរការយ៉ាងជោគជ័យអស់រយៈពេល ១៨ឆ្នាំចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៣៕